សមាជិកនៃសហគមន៍និយមជ្រុល នៅជិតទីក្រុង Tel Aviv បានប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងអំឡុងពេលតវ៉ាមួយកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងអំពីការកែណ្ឌយោធាដល់សមាជិករបស់ពួកគេបន្ថែមទៀត។ ចំណាត់ការធ្វើឡើងដោយយោធា គឺត្រូវពង្រឹងកងកម្លាំងរបស់ខ្លួន ខណៈកំពុងប្រយុទ្ធនៅតាមព្រំដែនភាគខាងត្បូង និងភាគខាងជើង ដែលអាចនឹងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងថែមទៀតរវាងពលរដ្ឋអ៊ីស្រាអែលផ្នែកសាសនា។

តុលាការកំពូល បានចេញសេចក្តីសម្រេចកាលពីខែមិថុនាថា ក្រសួងការពារជាតិ លែងផ្តល់ការលើកលែងដែលគ្របដណ្តប់ចំពោះនិស្សិតជនជាតិជ្វីហ្វ ពីការកែណ្ឌយោធាទៀតហើយ ជាការរៀបចំនៅនឹងកន្លែងចាប់តាំងពីពេលបង្កើតអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ ដែលនៅពេលនោះចំនួននៃក្រុមអ្នកតវ៉ានិយមជ្រុល ឬ Haredi មានតែមួយក្តាប់តូចប៉ុណ្ណោះ។

ខណៈអ៊ីស្រាអែល ធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រ ទី ខែវិច្ឆិកា សប្តាហ៍មុនថាសមាជិក៧.០០០នាក់របស់សហគមន៍នេះនឹងទទួលបានការជូនដំណឹងជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ និយាយថា ក្រសួងនឹងធ្វើការជាមួយមេដឹកនាំសហគមន៍ ដើម្បីធានាបានថាទាហានមកពីក្រុមនិយមជ្រុល អាចរក្សារបៀបរស់នៅបែបសាសនារបស់ពួកគេ ខណៈកំពុងបម្រើកងទ័ព។
កាលពីខែកក្កដា យោធា បានកែណ្ឌក្រុមបុរសមកពីក្រុមនិយមជ្រុលចំនួន១.០០០នាក់។ ការប្រែប្រួលគោលនយោបាយថ្មី ត្រូវបានប្រឆំាងដោយគណបក្សផ្នែកសាសនាចំនួនពីរនៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដោយដាក់ភាពតានតឹងខ្លាំងទៅលើក្រុមចម្រុះស្តាំនិយម។