កុមារតំបន់ហ្កាហ្សា ដែលបានស៊ូទ្រាំទៅនឹងការប៉ះទង្គិចផ្លូវចិត្តដោយសារតែសង្រ្គាម បានរកឃើញការលួងលោមក្នុងកម្មវិធីសហគមន៍សាលារៀននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ សាលារៀនមួយ បានផ្តល់ការសិក្សាអប់រំ ផ្តល់សុខភាពផ្លូវចិត្ត និងសកម្មភាពវប្បធម៌ ដើម្បីជួយកុមារតំបន់ហ្កាហ្សា ដែលរស់នៅក្នុងទីក្រុងគែរ កសាងជីវិតរបស់ពួកគេឡើងវិញ។

ដោយត្រូវបានបង្កើតឡើងដោយជនជាតិអេហ្ស៊ីប-កាណាដា លោក Israa Ali គំនិតផ្តួចផ្តើមមួយដំណើរការដោយអ្នកស្ម័គ្រចិត្ត បានផ្តល់នូវកម្មវិធីអប់រំ និងកម្មវិធីការច្នៃប្រឌិតសម្រាប់កុមារជាង៣៣០នាក់ មានអាយុពី៦ ទៅ១៧ឆ្នាំ ដោយផ្តល់ជំនួយផ្នែកសិក្សា រួមមានមេរៀនជាភាសាអារ៉ាប់ អង់គ្លេស អាល្លឺម៉ង់ និងគណិតវិទ្យា រួមជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជាការគូររូបគំនូរ និងដេរប៉ាក់។
លោកអាលី និយាយថា «មានទិដ្ឋភាពអប់រំ និងទិដ្ឋភាពនៃការធ្វើឲ្យប្រសើរឡើងវិញ ហើយដោយមានទិដ្ឋភាពទាំងពីរនេះ ពួកគេនឹងមានភាពរីកចម្រើនជាមួយយើង។

ចាប់តាំងពីការចាប់ផ្តើមក្នុងខែឧសភាមក គំនិតផ្តួចផ្តើមបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទីពីររបស់ខ្លួន ទទួលបានការគាំទ្រនៅទូទាំងសហគមន៍ ដោយអ្នកស្ម័គ្រចិត្តបានចំណាយពេលវេលា សម្ភារៈ និងជំនាញរបស់ពួកគេ ដើម្បីជំរុញបរិយាកាសអប់រំ។
ពលរដ្ឋតំបន់ហ្កាហ្សាច្រើនជាង១០០.០០០នាក់ បានឆ្លងកាត់ចូលទៅក្នុងប្រទេសអេហ្ស៊ីប ក្នុងអំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាកន្លែងដែលពួកគេខ្វះឯកសារដើម្បីចុះឈ្មោះកូនៗនៅសាលារៀន បើកអាជីវកម្ម ឬគណនីធនាគារ ការធ្វើដំណើរ ឬដំណើរការធានារ៉ាប់រងផ្នែកសុខភាព។