ក្រសួងការពារជាតិរបស់ទីក្រុងម៉ានីល បាននិយាយថា ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខានៅថ្ងៃចន្ទ (១៨ វិច្ឆិកា) នេះលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា នៅក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងសន្តិសុខរវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិទាំងពីរនេះ។

ក្រសួងបន្តថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក LLoyd Austin នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិក ចំពោះសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro។ ដោយហៅថា កិច្ចព្រមព្រៀងទូទៅនៃព័ត៌មានយោធា ឬ GSOMIA កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យប្រទេសទាំងពីរចែករំលែកព័ត៌មានយោធាដោយសុវត្ថិភាព។

ការចូលរួមផ្នែកសន្តិសុខរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន បានស៊ីជម្រៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងសមភាគីហ្វីលីពីន លោក Ferdinand Marcos ដោយមេដឹកនាំទាំងពីរចង់ទប់ទល់នឹងអ្វីដែលពួកគេមើលឃើញថាជាគោលនយោបាយដ៏កម្រោលរបស់ចិន នៅសមុទ្រចិនខាងត្បូង និងក្បែរកោះតៃវ៉ាន់។
គួររម្លឹកថា ប្រទេសទាំងពីរមានសន្ធិសញ្ញាការពារទៅវិញទៅមកដែលមានតាំងពីឆ្នាំ១៩៥១មក ដែលអាចត្រូវបានយកមកប្រើប្រាស់ ប្រសិនបើភាគីណាមួយរងការវាយប្រហារ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ៕