ប្រធានាធិបតីប្រទេសស្រីលង្កា លោក អនុរ៉ា គុម៉ារ៉ា ឌីស្សាណាយ៉ាកេ ( Anura Kumara Dissanayake) បានតែងតាំង លោកស្រី ហារិនី អមរាសុរិយា (Harini Amarasuriya) ជានាយករដ្ឋមន្ត្រីនៃប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះឡើងវិញ នៅថ្ងៃចន្ទ (១៨ វិច្ឆិកា)។

លោក Dissanayake ដែលក្រុមចម្រុះឆ្វេងនិយមរបស់លោកទទួលបាន ១៥៩អាសនៈក្នុងការបោះឆ្នោតសកល នៅសភាដែលមានសមាជិកចំនួន ២២៥រូប ក៏បានតែងតាំងសមាជិកសភាជើងចាស់ លោក វីជីថា ហេរ៉ាត់ (Vijitha Herath) ឡើងវិញដើម្បីដឹកនាំក្រសួងការបរទេស។

លោក Dissanayake មិនបានបញ្ចេញឈ្មោះរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីទេ ដោយផ្តល់សញ្ញាថាលោកនឹងរក្សាតំណែងហិរញ្ញវត្ថុដ៏សំខាន់នេះសម្រាប់រូបលោកផ្ទាល់ ដូចដែលធ្លាប់បានធ្វើកាលពីខែកញ្ញា បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតី។

មេដឹកនាំស្រីលង្ការូបនេះបានប្ដេជ្ញាពង្រឹងសេដ្ឋកិច្ចរបស់ប្រជាជាតិដែលមានប្រជាជន ២២លាននាក់ ខណៈប្រទេសបានរងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ដែលបង្កឡើងដោយកង្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ដោយរុញច្រានរដ្ឋឱ្យធ្លាក់ក្នុងវិបត្តិបំណុល និងបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ៧,៣% ក្នុងឆ្នាំ២០២២ និង ២,៣% កាលពីឆ្នាំមុន៕