ជនអន្តោប្រវេសន៍ជាច្រើន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ដោយពុំមានឯកសារត្រឹមត្រូវ កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងពីហានិភ័យនៃការនិរទេស ខណៈការចូលកាន់តំណែងរបស់លោក Donald Trump ខិតកាន់តែកៀក ហើយអ្នកទាំងនោះកំពុងតែសង្ឃឹមថាវិធានការដែលប្រធានាធិបតីជាប់ឆ្នោតរូបនេះបានសន្យា គឺធ្វើឡើងសម្រាប់តែឧក្រិដ្ឋជនប៉ុណ្ណោះ។

ឥឡូវនេះ ជនអន្តោប្រវេសន៍មិនមានឯកសារយ៉ាងហោចណាស់ ១៣លាននាក់ កំពុងរស់នៅអាមេរិក ដែលជាឃ្លាទូលំទូលាយរួមបញ្ចូលអ្នកដែលចូលអាមេរិកដោយខុសច្បាប់ អ្នកស្នាក់នៅហួសរយៈពេលនៃទិដ្ឋាការ ឬអ្នកមានស្ថានភាពការពារពីសាច់ញាតិដើម្បីជៀសវាងការនិរទេស។

នៅទូទាំងសហរដ្ឋអាមេរិក អ្នកគ្មានឯកសារទាំងនោះកំពុងប្រឈមមុខនឹងការប្តេជ្ញានិរទេសដ៏ធំរបស់រដ្ឋបាលថ្មីរបស់លោក Trump ដោយម្នាក់ៗកំពុងភ័យព្រួយថាសកម្មភាពនោះមានន័យយ៉ាងណាចំពោះពួកគេ។ នៅក្នុងការសម្ភាសន៍ជាង១០ ជនអន្តោប្រវេសន៍ដែលគ្មានឯកសារបាននិយាយថា រឿងនេះជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅក្នុងសហគមន៍ តាមបណ្ដាញផ្ញើសារ WhatsApp និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។
អ្នកខ្លះជឿថា វានឹងមិនប៉ះពាល់ដល់ពួកគេទាល់តែសោះ ដាយសារពួកគេបានបង់ពន្ធធម្មតាដូចពលរដ្ឋទូទៅ ហើយអ្នកខ្លះទៀតសង្ឈឹមថាការនិរទេសគឺសម្រាប់តែឧក្រិដ្ឋជន។

គួររម្លឹកថា នៅក្នុងយុទ្ធនាការបោះឆ្នោត ដែលកំណើនជនអន្តោរប្រវេសន៍ជាកង្វល់ចម្បងរបស់ពលរដ្ឋអាមេរិក លោក Trump ជារឿយៗបានសន្យាថានឹងនិរទេសជនអន្តោប្រវេសន៍យ៉ាងច្រើនចេញពីដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃដំបូងដែលលោកចូលកាន់តំណែង ប្រសិនបើលោកអង្គុយកៅអីសេតវិមានម្ដងទៀត។
ប៉ុន្តែប៉ុន្មានសប្តាហ៍បន្ទាប់ពីការឈ្នះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក គេនៅតែមិនច្បាស់ទេថា តើប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ទាំងនេះនឹងមានទ្រង់ទ្រាយបែបណា៕