ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេសង្ស័យថា បានធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់ទៅដល់សារព័ត៌មានអឺរ៉ុបមួយ ដើម្បីបំភាន់មតិសាធារណៈប្រឆាំងនឹងបាតុកម្មដែលគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ចំណាប់ថ្នូរ ជាមួយក្រុមហាម៉ាស។

តុលាការជាន់ទាបនៅក្នុងទីក្រុង Rishon LeZion របស់អ៊ីស្រាអែល បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃអាទិត្យ ដោយបង្ហាញព័ត៌មានលម្អិតថ្មីអំពីករណីនេះ ដែលបានបង្កឲ្យមានរឿងអាស្រូវនយោបាយ និងបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងមជ្ឈដ្ឋាននយោបាយអ៊ីស្រាអែល។

លោក Eli Feldstein ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet។ បុគ្គលិកសន្តិសុខបីនាក់ បន្ថែមទៀត ដែលមិនបានបញ្ចេញឈ្មោះ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ពាក់ព័ន្ធនឹងករណីនេះ។
ការឃុំខ្លួនលោក Feldstein ត្រូវបានបន្តរយៈពេល ៥ថ្ងៃ កាលពីថ្ងៃអាទិត្យ ហើយគាត់ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការចោទប្រកាន់ នៅសប្តាហ៍ក្រោយ នេះបើយោងតាមតុលាការ។ ឯកសារដែលគេចោទប្រកាន់នោះ គឺជាកម្មសិទ្ធិរបស់លោក Feldstein តាមរយៈមន្ត្រីបម្រុងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលជាជនសង្ស័យផងដែរ នៅក្នុងការស៊ើបអង្កេត។
យោងតាមតុលាការបានឲ្យដឹងថា លោក Feldstein បានចោទប្រកាន់ថា បានធ្វើឲ្យបែកធ្លាយឯក សារសម្ងាត់ ដើម្បីបង្ហាញអំពីលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ជាមេដឹកនាំក្រុមហាម៉ាស ដែលមិនមានឆន្ទៈយល់ព្រមទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងធានាការដោះលែងចំណាប់ថ្នូរនោះ។