រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi កាលពីថ្ងៃអាទិត្យ បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani ដែលកំពុងបំពេញទស្សនកិច្ច ដោយក្នុងអំឡុងពេលកិច្ចពិភាក្សា ភាគីទាំងពីរ បានជំរុញឲ្យបញ្ឈប់ការឈ្លានពាន»របស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា និងប្រទេសលីបង់ និងគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតឡើង។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយបានច្រានចោលរាល់ការប៉ុនប៉ងកាត់បន្ថយតួនាទីរបស់អង្គការនេះ ជាការរំលោភច្បាប់អន្តរជាតិ និងធ្វើឲ្យកាន់តែខ្លាំងឡើងថែមទៀតនូវការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសហ្សកដានី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ពួកគេក៏បានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា និងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់វិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក នៅភាគខាងជើងហ្កាហ្សា ដែលបណ្តាលមកពីការរារាំងរបស់ អ៊ីស្រាអែលមិនឲ្យជំនួយចូល។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា ពួកគេបានសង្កត់ធ្ងន់ថា ការកសាងរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ គឺជាផ្លូវតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិសុខ ស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់។
ពួកគេក៏បានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសលីបង់ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ និងការអនុវត្តពេញលេញនូវសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។