ប្រទេសបារាំង អង់គ្លេស និងប៉ូឡូញ កាលពីថ្ងៃអាទិត្យ បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ខណៈដែលរុស្ស៊ី បានធ្វើការវាយប្រហារដោយមីស៊ីលដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីខែសីហា ដោយបានកំណត់គោលដៅទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ដោយនឹងរដូវរងាកំពុងចូលមកដល់។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយថា ការរារាំងផ្លូវអាកាសដោយឥតឈប់ឈរ បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) «មិនចង់បានសន្តិភាព និងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចរចាទេ»។
លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មាន នៅពេលលោករៀបចំចាកចេញពីប្រទេសអាហ្សង់ទីន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីលថា អាទិភាពសម្រាប់ប្រទេសបារាំងគឺ «ផ្គត់ផ្គង់ គាំទ្រ និងជួយអ៊ុយក្រែនឲ្យបន្តទប់ទល់»។ លោកបានបន្ថែមថា៖ «វាច្បាស់ណាស់ថា លោកប្រធានាធិបតីពូទីន មានបំណងបង្កើនការប្រយុទ្ធគ្នា»។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអំពាវនាវរបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) ជាមួយលោកពូទីនកាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន «ត្រូវតែរួបរួមគ្នា ....នៅលើរបៀបវារៈសម្រាប់សន្តិភាពពិតប្រាកដ មានន័យថា សន្តិភាពដែលមិនមានន័យថា ការចុះចាញ់របស់អ៊ុយក្រែនទេ»។
នៅទីក្រុងឡុងដ៍ លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា លោកមិនមានគម្រោងនិយាយជាមួយលោក ពូទីន ខណៈដែលលោក បានសន្យាគាំទ្រអ៊ុយក្រែនជាអាទិភាពកំពូលរបស់ចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍នេះ។
ថ្លែងជាមួយអ្នកសារព័ត៌មាននៅតាមផ្លូវទៅកិច្ចប្រជុំ នៅប្រទេសប្រេស៊ីល លោក Starmer បានបញ្ជាក់ថា លោកនឹងមិននិយាយទៅកាន់លោក ពូទីន ដូចដែល លោក សូល បានធ្វើកាលពីថ្ងៃសុក្រសប្តាហ៍មុន នោះទេ។