កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់មូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយ នៅភាគអាគ្នេយ៍ នៅថ្ងៃចន្ទនេះ ដើម្បីបំពេញការផ្គត់ផ្គង់បន្ថែម និងផ្តល់ការសម្រាកដល់សមាជិកនាវិក។
យោងតាមកងទ័ពជើងទឹក បានឲ្យដឹងថា នាវា USS Columbia មានទម្ងន់ ៦.000តោន បានចូលដល់ដ្ឋានទ័ពជើងទឹក ក្នុងទីក្រុងប៊ូសាន( Busan) មានចម្ងាយ ៣២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេ អ៊ូល កាលពីព្រឹកមិញនេះ។
កងទ័ពជើងទឹក បាននិយាយថា នាវានេះ មានផែនការធ្វើសកម្មភាពផ្លាស់ប្តូរមិត្តភាពជាមួយសមាជិកនាវិកនៃនាវាមុជទឹកវាយប្រហារ Los Angeles-class ក្នុងអំឡុងពេលស្នាក់នៅ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងជំហរការពាររួមបញ្ចូលគ្នារវាងកងកម្លាំងជើងទឹករបស់ ស ម្ព័ន្ធមិត្ត។
ការមកដល់របស់នាវាមុជទឹកអាមេរិកនេះ បានកើតឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបកាលពីខែមុន និងបន្តការបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែន។
ការមកដល់របស់នាវានេះដែរ ក៏បានកើតឡើង រយៈពេលប្រហែលពីរខែបន្ទាប់ពីនាវាមុជទឹកវាយប្រហារ USS Vermont បានទៅទស្សនកិច្ចទីក្រុងប៊ូសាន សម្រាប់គោលបំណងបំពេញការផ្គត់ផ្គង់បន្ថែម កាលពីខែកញ្ញា។