នៅថ្ងៃចន្ទនេះ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ខ្លួនថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលទ្ធភាពនៃការរឹតបន្តឹងទណ្ឌកម្មទាក់ទងនឹងរុស្ស៊ី និងកូរ៉េខាងជើង ដោយសារកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់ពួកគេ។
យោងតាមទូរទស្សន៍ជប៉ុន ទីក្រុងតូក្យូ ព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុង ព្យុងយ៉ាង មានប៉ះពាល់ដល់សន្តិសុខនៅអឺរ៉ុប និងអាស៊ី ហើយជប៉ុនក៏ជឿថា ការទំនាក់ទំនងបែបនេះរវាងរុស្ស៊ី និងកូរ៉េខាងជើង «បំពានច្បាប់អន្តរជាតិ»។
កាលពីដើមខែនេះ អាជ្ញាធររុស្ស៊ី និងកូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកសារនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ី ទៅកាន់ទីក្រុង ព្យុងយ៉ាង កាលពីខែមិថុនា។
យោងតាមលក្ខខណ្ឌមួយនៃសន្ធិសញ្ញានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការផ្តល់ជំនួយយោធាដល់គ្នាទៅវិញទៅមក ក្នុងករណីមានការឈ្លានពាន។