ប្រធានាធិបតីប្រទេសឆាដលោក Mahamat Idriss Deby Itno និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនីហ្សេរីយ៉ាលោក Nuhu Ribadu បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើយោងតាមការិយាល័យប្រធានាធិបតីឆាដ។
ជំនួបនេះ បានធ្វើឡើង ពីរសប្តាហ៍បន្ទាប់ពីលោក Mahamat Deby បានគំរាមដកប្រទេសឆាដចេញពីក្រុមការងារចម្រុះចម្រុះជាតិសាសន៍ ដែលរួមមានកងទ័ពមកពីប្រទេសជាប់ព្រំដែនបឹងឆាដ (Lake Chad) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមបូកូ ហារ៉ាម (Boko Haram)។
លោកបានរិះគន់កងកម្លាំងនេះចំពោះការបរាជ័យរបស់ខ្លួន ក្នុងការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម ដែលបានសម្លាប់ទាហានឆាដជាង ៤០នាក់ ក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅក្នុងតំបន់ Lake Province។
ក្នុងអំឡុងពេលពិភាក្សានោះ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាងបឹងឆាដ ( Lake Chad Basin)។
លោក Ribadu បាននិយាយបន្ទាប់ពីបានជួបលោកប្រធានាធិបតី Mahamat Deby ថា៖«នៅថ្ងៃខាងមុខ កម្លាំងចម្រុះ នឹងមានមុខមាត់ថ្មី ក្នុងគោលបំណងកម្ចាត់សត្រូវរួម»។
លោក Ribadu បានទទួលសារជាលាយលក្ខណ៍អក្សរពីប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដោយបង្ហាញពីការគាំទ្រ «ឥតងាករេ»ចំពោះលោកប្រធានាធិបតី Mahamat Deby និងប្រជាជននៃប្រទេសឆាដ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្មីៗនេះ នៅលើកោះ Barkaram។ នេះបើយោងតាមការិយាល័យប្រធានាធិបតីឆាដ។