ដោយយោងតាមប្រភព ដែលដឹងពីការវាយតម្លៃដោយប្រទេសមួយចំនួននៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) សារព័ត៌មាន Bloomberg បានរាយការណ៍ថា បើតាមការអះអាង កូរ៉េខាងជើងបានត្រៀមបញ្ជូនទាហានចំនួនរហូតដល់ទៅ ១០០.០០០នាក់ ដើម្បីជួយដល់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។
ប្រសិនបើត្រូវបានបញ្ជាក់ថា ពិត ការដាក់ពង្រាយនេះ នឹងបង្ហាញពីការវិវត្តន៍ដ៏គួរឲ្យកត់សម្គាល់ នៅក្នុងកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ កាលពីខែតុលា របាយការណ៍បានលើកឡើងថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ១០.០០០នាក់រួចហើយទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដោយទាហានទាំងនោះត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងប្រតិបត្តិការ នៅតាមព្រំដែនអ៊ុយក្រែន ពោលគឺជួយកងដល់កម្លាំងរុស្ស៊ី ក្នុងការប៉ុនប៉ងដណ្តើមយកដែនដីដែលអ៊ុយក្រែនកាន់កាប់មកវិញ។
តាមសេចក្ដីរាយការណ៍នោះ ការដាក់ពង្រាយទាំងនេះ ត្រូវបានធ្វើឡើងអមដោយការបញ្ជូនកាំភ្លើងធំរាប់លានគ្រាប់ និងអាវុធដទៃទៀត ដែលជួយជំរុញយុទ្ធនាការយោធារបស់រុស្ស៊ី។ ការបង្កើនតួលេខរហូតដល់ ១០០.០០០នាក់ នឹងជួយសម្រាលយ៉ាងច្រើនដល់ឧបសគ្គផ្នែកកម្លាំងពលកម្មរបស់រុស្ស៊ី និងកាត់បន្ថយតម្រូវការ ក្នុងការកេណ្ឌពលរដ្ឋរបស់ខ្លួនដោយបង្ខំ។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រុស្ស៊ីទទួលបានកម្លាំងពលកម្ម និងគ្រាប់រំសេវ សម្រាប់ជម្លោះអូសបន្លាយរបស់ខ្លួននេះ ខណៈកូរ៉េខាងជើងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាយោធាទំនើបៗ ដូចជាប្រព័ន្ធមីស៊ីល និងផ្កាយរណបឈ្លបយកការណ៍។ សមត្ថភាពទាំងនេះអាចជួយពន្លឿនដល់ការអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាង និងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន៕