ក្រសួងការបរទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងស្វែងរកការគាំទ្រពីសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC នាថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ ពាក់ព័ន្ធទៅនឹងការទាមទាររបស់ខ្លួន ដែលថា ភាគីជម្លោះ នៅប្រទេសស៊ូដង់ ត្រូវបញ្ឈប់អរិភាព និងអនុញ្ញាតឲ្យមានការផ្តល់ជំនួយ។
ដោយទីក្រុងឡុងដ្រ៍កាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy នឹងធ្វើជាប្រធានការបោះឆ្នោត ស្ដីពីសេចក្តីសម្រេចព្រាងដែលស្នើឡើងដោយចក្រភពអង់គ្លេស-សៀរ៉ាឡេអូន ដែលអំពាវនាវផងដែរឲ្យមានការការពារដល់ជនស៊ីវិល។
បើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងរបស់លោក បានឲ្យដឹងថា លោក Lammy នឹងលើកឡើងថា «ចក្រភពអង់គ្លេសនឹងមិនទុកឲ្យប្រទេសស៊ូដង់ត្រូវបានបំភ្លេចចោលឡើយ» ហើយប្រកាសពីការកើនឡើងទ្វេដងនៃការផ្ដល់ជំនួយរបស់ចក្រភពអង់គ្លេសដែលឡើងដល់ ២២៦លានផោន (២៨៥លានដុល្លារ)។
គួរបញ្ជាក់ថា ការតស៊ូដណ្ដើមអំណាច រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានផ្ទុះឡើង នៅក្នុងខែមេសា ឆ្នាំ២០២៣ នៅមុនពេលការមានការផ្ទេរអំណាចដែលបានគ្រោងទុកទៅជាការគ្រប់គ្រងស៊ីវិល ដោយជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក៕