អ្នកបោះឆ្នោតសេណេហ្គាល់ បានបញ្ចប់ការបោះឆ្នោតសភារបស់ពួកគេហើយ កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) ខណៈដែលការិយាល័យបោះឆ្នោត បានបិទ នៅវេលាម៉ោង ៦:00ល្ងាច (ម៉ោងសកល)។ បុគ្គលិករៀបចំការបោះឆ្នោត បានចាប់ផ្តើមបើកហិបឆ្នោតដោយប្រុងប្រយ័ត្ន និងរាប់សន្លឹកឆ្នោត ក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការណ៍ និងក្រុមតំណាងរបស់គណបក្ស។
គួរបញ្ជាក់ថា អ្នកចុះឈ្មោះបោះឆ្នោតជាង ៧លាននាក់ បានចូលរួមក្នុងការជ្រើសរើសសមាជិករដ្ឋសភាចំនួន ១៦៥រូប មកពីគណបក្ស និងក្រុមចម្រុះចំនួន ៤១។ កង្វល់ផ្នែកសេដ្ឋកិច្ច បានគ្របដណ្ដប់លើការបោះឆ្នោតនេះ ដោយអតិផរណា និងការអត់ការងារធ្វើរបស់យុវជនខ្ពស់ ស្ថិតក្នុងចំណោមបញ្ហាសំខាន់ៗ ដែលជំរុញឲ្យអ្នកបោះឆ្នោតចេញទៅប្រើសិទ្ធិរបស់ខ្លួន។
គណបក្សដែលកំពុងកាន់អំណាច Pastef ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសម្ព័ន្ធភាពដែលដឹកនាំដោយក្រុមចម្រុះ APR របស់អតីតនាយករដ្ឋមន្ត្រី លោក Macky Sall និងក្រុមជំទាស់ផ្សេងទៀត។ បញ្ហាប្រឈមបន្ថែម ចេញមកពីក្រុមចម្រុះជាច្រើន ដូចជាគណបក្សមួយដែលដឹកនាំដោយអភិបាលក្រុង Dakar លោក Barthélémy Dias។
លោកប្រធានាធិបតី Bassirou Diomaye Faye សង្ឃឹមថា ការបោះឆ្នោតនេះ នឹងផ្តល់ឲ្យគណបក្សរបស់លោកនូវសំឡេងគាំទ្រភាគច្រើនដែលត្រូវការ ដើម្បីអនុវត្តកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗ។ ដំណើរការរាប់សន្លឹកឆ្នោត កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយលទ្ធផលដំបូង ត្រូវបានរំពឹងថា នឹងចេញនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕