តុលាការយោធាអ៊ីស្រាអែល បានកាត់ទោសអ្នកកាសែតប៉ាឡេស្ទីនអ្នកស្រី Rasha Herzallah ឲ្យជាប់ពន្ធនាគារ រយៈពេល ៦ខែ កាលពីថ្ងៃអាទិត្យ និងពិន័យជាប្រាក់ចំនួន ១៣.០០០ សេកែល (៣.៣០០ ដុល្លារ)។
អ្នកស្រី Herzallah អាយុ ៣៩ឆ្នាំ បានធ្វើការឲ្យទីភ្នាក់ងារព័ត៌មាននិងព័ត៌មានប៉ាឡេស្ទីនផ្លូវការ (WAFA) នៅពេលចាប់ខ្លួនអ្នកស្រីកាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលអ្នកស្រី ត្រូវបានកោះហៅទៅសាកសួរ នៅមន្ទីរឃុំឃាំង Huwwara របស់អ៊ីស្រាអែល ភាគខាងជើងតំបន់វេសបែង( West Bank)។
ការឃុំខ្លួនអ្នកស្រី ត្រូវបានពន្យារពេលចំនួន ៥ដង មុនពេលការចោទប្រកាន់ពីបទ«ញុះញង់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម» ត្រូវបាននាំខ្លួនទៅតុលាការ នៅឯមូលដ្ឋានយោធា Salem របស់អ៊ីស្រាអែល នៅជិត ទីក្រុងJenin ។ អ្នកស្រីត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី ០១ ខែធ្នូ។
WAFA បានរាយការណ៍ថា អ្នកស្រី Herzallah គឺជាប្អូនស្រីរបស់លោក Muhammad Herzallah ដែលបានស្លាប់ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីត្រូវបានបាញ់ចំក្បាលដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលវាយឆ្មក់លើទីក្រុង Nablus ។ អ្នកស្រីស្ថិតក្នុងចំណោមអ្នកសារព័ត៌មានប៉ាឡេស្ទីនចំនួន ៩៤នាក់ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារអ៊ីស្រាអែល។
WAFA បានរាយការណ៍ថា អ្នកកាសែតស្រីបីនាក់ផ្សេងទៀតគឺ Rola Hassanin, Bushra Al-Tawil និង Amal Shujaiyah ដែលជានិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាល័យ Birzeit ក៏កំពុងជាប់ឃុំផងដែរ។