ទូរទស្សន៍ NHK បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះក្នុងសភាអាមេរិកថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) ក្នុងការអនុញ្ញាតឲ្យបាញ់មីស៊ីលតាក់ទិចកងទ័ព (ATACMS )របស់អាមេរិកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ទំនងជាមិនអាចផ្លាស់ប្តូរស្ថានភាពនៃជម្លោះអ៊ុយ ក្រែនបានទេ។
យោងតាមប្រភពនោះ បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក បៃដិន នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ស្ថានភាពសមរភូមិនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ NPR ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កត់សម្គាល់ឃើញថា ការស្តុកទុកមីស៊ីលបែបនេះ នៅអ៊ុយក្រែន គឺមានកម្រិត ដោយសារពួកវា ត្រូវបានប្រើប្រាស់រួចហើយ ក្នុងអំឡុងពេលជម្លោះ។
សាព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព ឬ ATACMS ដើម្បីវាយប្រហារ នៅក្នុងប្រទេស រុស្ស៊ី។
កាលពីល្ងាចថ្ងៃអាទិត្យ សារព័ត៌មាន Le Figaro របស់បារាំង បានរាយការណ៍ថា បារាំង និងចក្រភពអង់គ្លេស បានធ្វើតាមការដឹកនាំរបស់លោក លោក បៃដិន ហើយថែមទាំងអនុញ្ញាតឲ្យប្រើអាវុធរបស់ពួកគេ ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ការសម្រេចចិត្តដ៏មានសក្ដានុពលក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី នឹងមានន័យថា ការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត នៅក្នុងជម្លោះនៅអ៊ុយក្រែន។ លោកប្រធានាធិបតី បានព្រមានថា ជំហាននេះ នឹងផ្លាស់ប្តូរស្ថានភាពនៃជម្លោះនេះ ហើយរុស្ស៊ីនឹងត្រូវធ្វើការសម្រេចចិត្តពាក់ព័ន្ធ ដោយកើតឡើងពីការគំរាមកំហែង ដែលខ្លួននឹងត្រូវប្រឈមនោះ។

