រុស្ស៊ី បានបើកការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតក្នុងរយៈជិត ៣ខែកន្លងមកនេះ លើបណ្តាញថាមពលអ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា មីស៊ីល ១២០គ្រាប់ និងយានដ្រូន ៩០គ្រឿង បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់ពួកគេ ។
មនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានសម្លាប់នៅជុំវិញប្រទេសអ៊ុយក្រែន ចាប់ពីទីក្រុង Lviv ស្ថិតនៅភាគខាងលិច រហូតដល់ទីក្រុង Dnipropetrovsk ស្ថិតនៅភាគអាគ្នេយ៍ ។
រូបភាពវីដេអូឃ្លីប ឃើញមីស៊ីលជាច្រើនគ្រាប់ ត្រូវបានបាញ់ទម្លាក់នៅពីលើរដ្ឋធានីគីវ ។
រយៈពេលប៉ុន្មានម៉ោងក្រោយមក ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ នាំគ្នាយកបំណែកមីស៊ីលដែលឆ្លងកាត់ប្រព័ន្ធការពារដែនអាកាស ចេញពីលើដំបូលអគារស្នាក់នៅ ។
ក្រុមហ៊ុនអគ្គិសនីឯកជនធំបំផុតរបស់អ៊ុយក្រែន និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពលអ៊ុយក្រែន ហើយវាបណ្តាលឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីបន្ទាន់នៅតាមតំបន់ជាច្រើន ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលអ៊ុយក្រែនប្រឈមនឹងការវាយប្រហារបែបនេះ ដែលគេរំពឹងថា នឹងបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ពេលដែលរដូវរងាខិតជិតចូលមកដល់ ៕


