លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសចិនប្រឆាំងនឹងវិធានការណាមួយ ដែលអាចនាំឲ្យជម្លោះអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង និងភាពតានតឹងកើនឡើង។
ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មានTASS ក្នុងការធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិកដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី លោក Liu បាននិយាយថា៖«ជំហររបស់ចិនចំពោះវិបត្តិអ៊ុយក្រែន គឺមិនផ្លាស់ប្តូរ និងច្បាស់លាស់» ។
អ្នកការទូតរូបនេះ បាននិយាយថា៖«ប្រទេសចិនប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព និងប្រឆាំងរាល់សកម្មភាពដែលអាចបង្កើនភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ កើនឡើងភាពតានតឹង»។
លោក Liu Pengyu បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធី និងការទូតសម្រាប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។
លោកបានបន្ថែមថា៖«ជំនួសឲ្យការចាក់ប្រេងទៅលើភ្លើង និងការធ្វើឲ្យសង្រ្គាមកាន់តែកើនឡើង ភាគីពាក់ព័ន្ធទាំងអស់ គួរតែខិតខំបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន តាមរយៈការសន្ទនា និងការចរចា ហើយខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីរក្សាសន្តិភាព»។
សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិក ចូបៃដិន បានអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព ឬ ATACMS ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី។

