អ្នកនាំពាក្យយោធានៃចលនានេះ លោក Yahya Sarea បាននិយាយថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម Ansar Allah បានវាយប្រហារទៅលើសង្កាត់ Jaffa នៃទីក្រុង Tel Aviv និងទីក្រុង Ashkelon។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោក ថា៖«កងកម្លាំងអាកាសបានធ្វើប្រតិបត្តិការយោធាមួយ ហើយបានវាយប្រហារទៅលើទីតាំងយោធា និងសំខាន់ៗមួយចំនួនរបស់អ៊ីស្រាអែលដែលជាសត្រូវ នៅក្នុងសង្កាត់ Jaffa និងទីក្រុង Ashkelon ភាគខាងត្បូងនៃដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
លោក Sarea បានបញ្ជាក់ថា យានដ្រូនរបស់ក្រុមហ៊ួទី បានវាយប្រហារគោលដៅរបស់ពួកគេ ក្នុងប្រទេសអ៊ីស្រាអែល ដោយជោគជ័យ។
បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី បានព្រមានថាពួកគេនឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋ ជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងដែនដីនេះ។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នាវាស៊ីវិលរាប់សិបគ្រឿង ត្រូវបានវាយប្រហារដោយក្រុមហ៊ួទី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។

