ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានប្រព្រឹត្តិទៅដោយរលូន គ្មានបណ្ដឹងតវ៉ាពីគណបក្សនយោបាយ ឬប្រជាពលរដ្ឋនោះទេ ។
ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ BTV នៅព្រឹកថ្ងៃទី២១ ខែតុលានេះថា គិតត្រឹមថ្ងៃម្សិលមិញ មានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីនៅទូទាំងប្រទេសបានចំនួន ៤៨ ៧២៧នាក់ ខណៈអ្នកមកពិនិត្យឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ មិនមានច្រើននោះទេ ដោយសារពួកគាត់បានពិនិត្យបញ្ជីតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយការតវ៉ាក៏គ្មានដែរ ។
ឯកឧត្តម បានបន្តថា សម្រាប់គណបក្សនយោបាយចំនួន៦ ដែលចូលរួមសង្កេតការក៏មិនទាន់មានប្រតិកម្មអ្វីនោះដែរ ដោយគណបក្សទាំងអស់នោះ បានដាក់ភ្នាក់ងាររបស់ខ្លួនចុះសង្កេតនៅតាមមណ្ឌលផ្សេងៗ ជាលក្ខណៈចលត ។
ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់ពលរដ្ឋ ដែលមានអាយុគ្រប់១៨ឆ្នាំ អ្នកមិនទាន់ចុះឈ្មោះ ឬអ្នកផ្លាស់ប្ដូរទីលំនៅ សូមរុះរាន់ទៅកចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ខាងមុខ កុំបីអាក់ខាន ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១ ៖ ៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់ ។
សម្រាប់គណបក្សនយោបាយចំនួន៦ ចូលរួមសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគណបក្សប្រជាជនកម្ពុជា ដាក់ភ្នាក់ងារចំនួន២៥រាជធានី-ខេត្ត, គណបក្សខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារចំនួន១៨រាជធានី-ខេត្ត, គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់ភ្នាក់ងារចំនួន ៥រាជធានី-ខេត្ត, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់ភ្នាក់ងារចំនួន២រាជធានី-ខេត្ត, គណបក្សខ្មែរតែមួយ ដាក់ភ្នាក់ងារចំនួន ១ខេត្ត និងគណបក្សយុវជនកម្ពុជា ដាក់ភ្នាក់ងារចំនួន១ខេត្ត ដោយសរុបអ្នកចូលរួមសង្កេតទាំងអស់ចំនួន ៤ ៦០៥នាក់ ក្នុងនោះស្ត្រីមានចំនួន ១ ១៩៣នាក់ ៕
អត្ថបទ ៖ បាន សុខរិទ្ធ