ជប៉ុនមើលឃើញកំណើនទេសចរណ៍ជាប់កំណត់ត្រា ប៉ុន្តែភ្ញៀវទេសចរម្នាក់ បានធ្វើដំណើរជុំវិញផែនដី ដើម្បីទៅដល់ទីនោះ ដោយប្រើប្រាស់ទូក រថភ្លើង សត្វអូដ្ឋ ហើយសូម្បីតែសុំរថយន្តគេជិះ ។
អ្នកផ្សងព្រេងសម័យទំនើប Omar Nok បានក្លាយជាជនល្បីតាមបណ្តាញព័ត៌មានសង្គម ទាក់ទាញអ្នកដើរតាមលើបណ្តាញព័ត៌មានសង្គម Instagram ជាង ៧៥ម៉ឺននាក់ ពេលដែលគាត់ចងក្រងឯកសារផ្លូវធ្វើដំណើរជុំវិញផែនដីចម្ងាយ ៤៦.២៣៩គ.មរបស់លោក ចេញពីប្រទេសអេហ្ស៊ីប ឆ្លងកាត់ រាប់សិបប្រទេសផ្សេងទៀត ដោយពុំបានជិះយន្តហោះ សូម្បីតែម្តង ។
អំឡុងបទសម្ភាសន៍នៅទីក្រុងតូក្យូ បុរសមានដើមកំណើតនៅទីក្រុងគែរវ័យ ៣០ឆ្នាំរូបនេះ និយាយថា មនុស្សខ្លះ បានឲ្យលោកជិះដោយសារ ។ លោកបានជិះអូដ្ឋម្តង ជិះសេះ ២ដង ។ លោកបានជិះទោចចក្រយានយន្តផងដែរ ។
ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន បានធ្វើឲ្យជប៉ុនក្លាយជាគោលដៅធ្វើដំណើរ ដោយទាក់ទាញ់ភ្ញៀវទេសចរជិត ២៧លាននាក់ ក្នុងរយៈពេល ៩ខែ មកទល់នឹងខែកញ្ញា ។ វាបានក្លាយជាប្រយោជន៍សេដ្ឋកិច្ចផងដែរ ក្នុងនោះភ្ញៀវទេសចរ បានចំណាយប្រាក់ ៥,៨៦សែនកោដិយ៉េន(ស្មើនឹង ៣៧,៥៨ពាន់លានដុល្លារ)មកទល់នឹងពេលនេះ ដែលជាចំនួនទឹកប្រាក់ជាប់កំណត់ត្រា ។
សម្រាប់លោក Nok ប្រទេសជប៉ុន តំណាងឲ្យប្រទេសឆ្ងាយបំផុតដែលលោកអាចធ្វើដំណើរទៅដល់នៅអាស៊ីដោយពុំចាំបាច់ជិះយន្តហោះ ។ លោបានធ្វើដំណើរមកដល់តាមនាវាចម្លងនៅទីក្រុងភាគនិរតី Fukuoka កាលពីខែមុន ហើយក្រោយមកលោកបន្តដំណើរទៅដល់ទីក្រុងតូក្យូនៅថ្ងៃទី ៧ ខែវិច្ឆិកា រយៈពេល ២៧៤ថ្ងៃ ក្រោយលោកចាកចេញពីផ្ទះ ។ បើប្រៀបធៀបគ្នា ជើងហោះហើរផ្ទាល់ចេញពីទីក្រុងគែរ មកដល់ទីក្រុងតូក្យូ ត្រូវការចំណាយពេលប្រហែល ១២ម៉ោងប៉ុណ្ណោះ ៕


