ប្រធានគោលនយោបាយសហភាពអឺរ៉ុប(EU)លោក Josep Borrell នៅថ្ងៃចន្ទ បានបង្ហាញក្តីសង្ឃឹមរបស់លោកថា សមាជិក EU អាចយល់ព្រមអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ។
មុនពេលជំនួបជាមួយរដ្ឋមន្រ្តីការបរទេស EUនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Borrell និយាយថា លោកធ្លាប់បាននិយាយម្តងរួចមកហើយ ហើយឥឡូវសូមនិយាយម្តងទៀតថា អ៊ុយក្រែន គួរតែអាចប្រើប្រាស់អាវុធដែលពួកយើងផ្តល់ជូនពួកគេ ដើម្បីវាយប្រហារមិនត្រឹមតែបញ្ឈប់ផ្លែព្រួញប៉ុណ្ណោះទេ ប៉ុន្តែអាចវាយប្រហារអ្នកបាញ់ព្រួយផងដែរ ។
បារាំងដែលបានផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែននៅថ្ងៃចន្ទនេះ បានផ្តល់សញ្ញាថា ការអនុញ្ញាតឲ្យទីក្រុងគីវវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី នៅតែជាជម្រើសលើតុ ។
គួរឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតនៅសហរដ្ឋអាមេរិក វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកលើជម្លោះអ៊ុយក្រែន-រុស្ស៊ី ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន គឺជារឿងសំខាន់ ៕
