ក្រុមអាជ្ញាធរប្រេស៊ីល បានដំឡើងជញ្ជាំងលាបចម្រុះពណ៌ ដើម្បីបិទបាំងតំបន់ក្រីក្រ មុនកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 ។
យោធា ត្រូវបានដាក់ពង្រាយនៅជិតតំបន់ក្រីក្រ Mare ដែលស្ថិតក្នុងចំណោមតំបន់ក្រីក្រធំបំផុតនៅក្នុងទីក្រុង Rio de Janeiro ក្នុងនោះរថពាសដែក និងទាហាន បានឈរជើងនៅត្រង់ចំណុចជាច្រើនកន្លែងនៅតាមដងផ្លូវ ។
ជញ្ជាំងលាបពណ៌ទាំងនេះ បិទបាំងតំបន់ក្រីក្រចាប់ពីផ្លូវ Linha Vermela ឬផ្លូវ Red Line ដែលនាំក្បួនរថយន្តប្រមុខរដ្ឋទៅកាន់ទីតាំងកិច្ចប្រជុំកំពូលនៅសារមន្ទីរសិល្បះទំនើប ដែលរៀបចំឡើងនៅថ្ងៃចន្ទនេះ និងថ្ងៃអង្គារ ។
ខណៈពេលនោះដែរ នគរបាល ត្រូវបានល្បាតតាមដងផ្លូវ កាមេរ៉ាសុវត្ថិភាពរាប់ពាន់គ្រឿង ត្រូវបានដំឡើង ហើយក្រុមមន្រ្តី បានប្រកាសថ្ងៃឈប់សម្រាករយៈពេល ២ថ្ងៃ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងចូលរួមកិច្ចប្រជុំមួយនេះ ជាមួយក្រុមមេដឹកនាំផ្សេងទៀតមកពីប្រទេសអូស្ត្រាលី អង់គ្លេស អេហ្ស៊ីប បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ហើយនិងប្រទេសផ្សេងៗទៀត ៕


