រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការសម្រេចដ៏សំខាន់មួយ ទាក់ទងនឹងការគាំទ្រផ្នែកយោធារបស់ខ្លួន សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលសង្កត់ធ្ងន់ថា នេះមិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយលោកខាងលិចនោះទេ។
គួរបញ្ជាក់ថា មន្ត្រីអាមេរិក ២រូប និងប្រភព ដែលដឹងពីការសម្រេចរបស់រដ្ឋបាលអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) បាននិយាយថា ប្រធានាធិបតី លោក Joe Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
នៅឯទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Baerbock បាននិយាយថា៖ «ការសម្រេចពីភាគីអាមេរិកមានសារៈសំខាន់ នាពេលនេះ ហើយខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាការគិតឡើងវិញទេ ប៉ុន្តែជាការពង្រឹងនូវអ្វីដែលត្រូវបានផ្តល់ឲ្យដោយដៃគូផ្សេងទៀត »។
ជាមួយគ្នានេះ អ្នកការទូតជាន់ខ្ពស់របស់អាល្លឺម៉ង់ ក៏បានចេញការព្រមានដល់អ្នកគាំទ្រប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបាននិយាយថា EU កំពុងរៀបចំទណ្ឌកម្មថ្មី ចំពោះអ៊ីរ៉ង់ ក៏ដូចជាពិចារណានូវករណីនៃការគាំទ្រយានដ្រូនរបស់ចិនផងដែរ៕


