ប្រភពការទូតទួរគី នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ បានច្រានចោលរបាយការណ៍ដែលថា ក្រុមហាម៉ាសបានផ្លាស់ប្តូរការិយាល័យនយោបាយរបស់ខ្លួនពីប្រទេសកាតាទៅកាន់ប្រទេសទួរគី ដោយបន្ថែមថាសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានទៅទស្សនកិច្ចប្រទេសនេះម្តងម្កាលប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីក្រុងដូហា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានប្រាប់ក្រុមហាម៉ាស និងអ៊ីស្រាអែលថា ខ្លួននឹងបញ្ឈប់កិច្ចប្រឹងប្រែង ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ រហូតដល់ពួកគេបង្ហាញពីឆន្ទៈ និងភាពប្រាកដប្រជា។ ប្រទេសនេះក៏បាននិយាយដែរថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ខ្លួនបានប្រាប់ក្រុមហាម៉ាសឲ្យចាកចេញពីប្រទេសនេះ គឺមិនត្រឹមត្រូវនោះទេ។
ទួរគី ដែលជាប្រទេសសមាជិករបស់អង្គការណាតូ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងក្លា ចំពោះការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា និងនៅប្រទេសលីបង់ ហើយមិនបានចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវករឡើយ។ មន្ត្រីនយោបាយរបស់ក្រុមហាម៉ាសមួយចំនួនធ្វើទស្សនកិច្ចជាប្រចាំ នៅទួរគី។
ប្រភពការទូតបាននិយាយថា៖ «សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ធ្វើទស្សនកិច្ច នៅទួរគីម្តងម្កាល។ ការអះអាងដែលបង្ហាញថា ការិយាល័យនយោបាយរបស់ហាម៉ាស បានផ្លាស់ទៅប្រទេសទួរគីមិនឆ្លុះបញ្ចាំងពីការពិតនោះទេ»៕

