មន្ត្រីជាន់ខ្ពស់លីបង់មួយរូបបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាប្រទេសលីបង់ និងក្រុមហេសបូឡា បានយល់ស្របលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល ជាមួយនឹងមតិយោបល់មួយចំនួនលើខ្លឹមសារនេះ ដោយហៅកិច្ចខិតខំប្រឹងប្រែងនេះថាមិនទាន់ហ្មត់ចត់បំផុតក្នុងការបញ្ចប់ការប្រយុទ្ធគ្នានេះនៅឡើយទេ។

លោក Ali Hassan Khalil មន្ត្រីជំនិតរបស់ប្រធានសភាលោក Nabih Berri បាននិយាយថា ប្រទេសលីបង់បានឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ខ្លួនទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ហើយបេសកជនសេតវិមានលោក Amos Hochstein កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីបេរូត (Beirut) ដើម្បីបន្តកិច្ចពិភាក្សា។ ទោះយ៉ាងណា នៅពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ។

ក្រុមហេសបូឡា ដែលជាចលនាប្រដាប់អាវុធដ៏ធំគាំទ្រដោយអ៊ីរ៉ង់ បានគាំទ្រសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន គឺលោក Nabih Berri ដើម្បីចរចាឲ្យមានបទឈប់បាញ់កើតឡើង។
លោក Khalil បាននិយាយដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតថា ប្រទេសលីបង់បានបង្ហាញការអត្ថាធិប្បាយរបស់ខ្លួននៅលើក្រដាសក្នុងបរិយាកាសវិជ្ជមាន។លោកថារាល់មតិដែលយើងបានបង្ហាញ បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងច្បាស់លាស់ចំពោះសេចក្ដីសម្រេច ១៧០១ (UN) អមដោយបទប្បញ្ញត្តិទាំងអស់របស់សេចក្ដីសម្រេចនេះ។
លោកបាននិយាយសំដៅទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៧០១ ដែលបានបញ្ចប់សង្គ្រាមកាលពីអតីតកាលរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលក្នុងឆ្នាំ២០០៦។ លោកបន្ថែទៀតថា ភាពជោគជ័យនៃការផ្ដួចផ្ដើមពេលនេះអាស្រ័យលើអ៊ីស្រាអែល ដោយនិយាយថា បើអ៊ីស្រាអែលមិនចង់បានដំណោះស្រាយនេះទេ នោះអាចបង្កើតជាបញ្ហារាប់រយ៕