អ៊ុយក្រែន បានប្រារព្ធខួប ១.០០០ថ្ងៃនៃជម្លោះនៅថ្ងៃអង្គារ (១៩ វិច្ឆិកា) នេះ ចាប់តាំងពីការវាយលុកពេញលក្ខណៈរបស់រុស្ស៊ី ជាមួយនឹងកងទ័ពកំពុងប្រយុទ្ធនៅជួរមុខជាច្រើន ហើយទីក្រុងគីវ កំពុងសម្លឹងមើលរកការបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមនៅឆ្នាំ២០២៥ ខណៈមន្ត្រីត្រៀមខ្លួនសម្រាប់ការកាន់តំណែងឡើងវិញរបស់លោក Donald Trump ក្នុងសេតវិមាននៅខែមករា។

នៅក្នុងការជំរុញដ៏ធំមួយ លោកប្រធានាធិបតីអាមេរិក Joe Biden បានផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែន ប្រើមីស៊ីលអាមេរិក ប្រឆាំងនឹងគោលដៅជ្រៅនៅក្នុងរុស្ស៊ី ប៉ុន្តែរឿងនេះអាចនឹងត្រូវផ្លាស់ប្តូរនៅពេលលោក Trump ត្រឡប់ទៅសេតវិមាន ហើយអ្នកជំនាញខាងយោធាព្រមានថា ការអនុញ្ញាតនេះនឹងមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរដំណើរនៃសង្រ្គាម ៣៣ខែនេះឡើយ។

ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានស្លាប់ និងជាង ៦លាននាក់រស់នៅជាជនភៀសខ្លួននៅបរទេស ហើយចំនួនប្រជាជនបានធ្លាក់ចុះមួយភាគបួន ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការវាយប្រហារតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ដែលបានចាប់ផ្តើមជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប តាំងពីសង្គ្រាមលោកលើកទីពីរ។

ការខាតបង់ផ្នែកយោធាស្ថិតក្នុងតួលេខដ៏មហន្តរាយ ទោះបីជាវាត្រូវបានទុកជាការសម្ងាត់យ៉ាងជិតក៏ដោយ។ ការប៉ាន់ស្មានសាធារណៈពីលោកខាងលិច ផ្អែកលើរបាយការណ៍ចារកម្ម មានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយ ប៉ុន្តែភាគច្រើននិយាយថា មនុស្សរាប់សែននាក់ត្រូវបានសម្លាប់ ឬរងរបួសសម្រាប់ភាគីម្ខាងៗ។
ឥឡូវនេះ ការត្រឡប់មកវិញរបស់លោក Trump ដែលបានប្តេជ្ញាថានឹងបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស - ដោយមិនប្រាប់ថាបញ្ចប់ដូចម្ដេចនោះ - បានចោទជាសំណួរពីអនាគតនៃជំនួយយោធាអាមេរិក និងរណសិរ្សរួបរួមរបស់លោកខាងលិចប្រឆាំងនឹងលោក ពូទីន ហើយបង្កើនការរំពឹងទុកនៃកិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាម៕