ក្រុមមន្ត្រីគ្រប់គ្រងហានិភ័យ បាននិយាយកាលពីថ្ងៃចន្ទ (១៨ វិច្ឆិកា) ថា រដ្ឋាភិបាលនៃប្រទេសអេក្វាឌ័រ បានប្រកាសគ្រាអាសន្នជាតិរយៈពេល ៦០ថ្ងៃ ដោយសារចំហេះព្រៃដែលកំពុងឆាបឆេះកាន់តែអាក្រក់ទៅៗ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះប្រឈមមុខនឹងចំហេះព្រៃសកម្មចំនួន ១៣កន្លែង និង ៩កន្លែងផ្សេងទៀតដែលត្រូវបានគ្រប់គ្រង នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាល។

ប្រធានគ្រប់គ្រងហានិភ័យ លោក ហ័រហេ ការីឡូ (Jorge Carrillo) បានប្រាប់វិទ្យុក្នុងស្រុកថា "ប្រទេសទាំងមូលកំពុងទទួលរងការបំផ្លិចបំផ្លាញនៃគ្រោះរាំងស្ងួតដ៏ធំដែលបានអូសបន្លាយជិត ១២០ ថ្ងៃរួចមកហើយ រួមទាំងចំហេះព្រៃដ៏រីករាលដាល"។

នៅក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ អាហ្សួយ (Azuay) និង ឡូហា (Loja) អណ្តាតភ្លើងបានលេបត្របាក់ផ្ទៃដីជាង ១០.០០០ហិកតា។ ក្រឹត្យគ្រាអាសន្ននេះកើតឡើងខណៈដែលអេក្វាឌ័រ ជួបវិបត្តិថាមពលដែលនាំឱ្យដាច់អគ្គិសនីរហូតដល់ ១៤ម៉ោងក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕