ភ្នំពេញ៖ ដោយមើលឃើញពីវិសាលភាព នៃជនរងគ្រោះដោយទឹកជំនន់ បានជន់លិចភូមិឋាន និងផលដំណាំ ក៏ដូចជាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់បណ្តារាជធានីខេត្ត ក្នុងនោះ ឃើញថាមានសប្បុរសជនជាច្រើន បានផ្តល់ជំនួយមនុស្សធម៌ ដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ មានសប្បុរសជនចំនួន១០បន្ថែមទៀត បានផ្តល់នូវសម្ភារ ប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់កាកបាទក្រហមកម្ពុជា សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងស្ថានភាព គ្រោះទឹកជំនន់រហ័សនាពេលបច្ចុប្បន្ននេះ ក្នុងនោះ សប្បុរសជនរួមមាន: ទី១ក្រុមហ៊ុន សុវណ្ណគីរី អំបិលម៉ដ្ឋ៦០០បាវស្មើនឹង១៥តោន មីខ្លាឃុំ១៥០កេស ត្រីខកំប៉ុង៤០កេសធំ, ទី២ លោក ចាន់ សុដារ៉ាត់ ថវិកា៣០០ ដុល្លារអាមេរិក, ទី៣ លោក ដារារិទ្ធ ម្ចាស់ហាងម៉ូតូ ដារារិទ្ធ មី៥០កេស ទឹកស៊ីវ ៣០យួរ, ទី៤សមាគម វាយនភណ្ឌ ចិននៅកម្ពុជា អង្ករ៣០តោន មី១ពាន់កេស សំលៀកបំពាក់កុមារ២០០ឈុត ម៉ាស់២ម៉ឺន សរុបស្មើនិងថវិកា២ម៉ឺនដុល្លារអាមេរិក,ទី៥ លោកស្រី តាំង ឈុយឡាង ប្រធានក្រុមហ៊ុន បេឡាហ្វាម៉ា ឯ.ក ជូននូវ បន្ទះត្រជាក់ BELLA COOLING PATCH ចំនួន២០០០ប្រអប់ ស្មើនឹង៨០០០បន្ទះ,ទី៦ លោក ភុំ ភិរម្យ ថវិកា៥លានរៀល អង្ករ៥តោន ភួយ៥០០, ទី៧ កញ្ញា វណ្ណ យុធា ប្រធានក្រុមហ៊ុន វី វី ស៊ី ធី ថវិកា១ពាន់ ដុល្លារអាមេរិក និងអង្ករ១តោន, ទី៨ក្រុមហ៊ុន អ អិម អេ ខេមបូឌា អង្ករ ២០តោន ទឹកត្រី១ពាន់យួរ ទឹកស៊ីអ៊ីវ១ពាន់យួរ, ទី៩ សភាពាណិជ្ជកម្មហ៊ូបេ ថវិកាចំនួន ១៣៣៥០ដុល្លារអាមេរិក ទី១០ ក្រុមហ៊ុន Golden Real estate ថវិកា៥លានរៀល អាវរងាចំនួន១៥០០អាវ។
នៅក្នុងឱកាសទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនខាងលើ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែល បានចូលរួមចែករំលែកនូវក្តីស្រឡាញ់មួយនេះ ជាមួយកាកបាទក្រហមកម្ពុជា ដែលនេះគឺជាមោទនភាពមួយ របស់សប្បុរសជនទាំងអស់ បានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ។

និងសូមកោតសរសើរចំពោះសប្បុរសជនជាតិ និងអន្ដរជាតិ ដែលមានទឹកចិត្ដស្រឡាញ់គ្នា និងជួយដល់ពលរដ្ឋងាយរងគ្រោះនាពេលកន្លងៗមក ដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការអ្វីឡើយ។
ដូច្នេះ ដើម្បីជាការឆ្លើយតបទៅនិង ទឹកចិត្តរបស់សប្បុរសជន ដែលបានចូលរួម លោកជំទាវ បានអោយដឹងថា អំណោយទាំងអស់នេះ និងយកទៅប្រគល់ជូន ដល់ដៃប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ ស្របពេលដែលពួកគាត់កំពុងតែជួបនៅគ្រោះអាសន្ន។
សូមជម្រាបថា រហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា បានចែកអំណោយជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់រហ័សបានចំនួនជាង២ម៉ឺនគ្រួសារហើយ ដោយរាប់ទាំង២៥សាខារាជធានី ខេត្ត ក្រុង។ ដែលអំណោយដ៏វិសេសវិសាលទាំងនេះ គឺបានមកពីសប្បុរសជនគ្រប់ទិសទី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហម ដើម្បីរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅពេលមានគ្រោះអាសន្ន៕