វិមានក្រឹមឡាំងរបស់រុស្ស៊ី បានចោទប្រកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃចន្ទ១៨ វិច្ឆិកា ពីបទចាក់សាំងលើភ្លើងនៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយប្ដេជ្ញាថានឹងឆ្លើយតបចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ក្រោយអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារចូលទៅជ្រៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី។

លោក Biden ជាអ្នកគាំទ្រក្នុងសង្គ្រាមអ៊ុយក្រែន ដែលនឹងត្រូវប្រគល់កៅអីសេតវិមានទៅឱ្យលោក Donald Trump នៅក្នុងខែមករាឆ្នាំ២០២៥ បានជំរុញឱ្យមានការប្រមូលផ្តុំមេដឹកនាំពិភពលោកដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដើម្បីធ្វើតាមការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រអ៊ុយក្រែនបន្តទៀត។

ជម្លោះស្ដីពីដំណឹងនៃការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយអាមេរិក ATACMS បានផ្ទុះឡើង ខណៈក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីលជាលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃ លើទីក្រុង Odesa របស់អ៊ុយក្រែនដែលត្រូវបានការពារដោយអង្គការ UNESCO នៅសមុទ្រខ្មៅ បានបណ្តាលឲ្យមនុស្ស ១០ នាក់ស្លាប់ និងជាង ៤០ នាក់ទៀតរងរបួស។

ក្រុង Kyiv បានទទូចសុំការអនុញ្ញាតជាយូរមកហើយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រើប្រាស់ប្រព័ន្ធ មីស៊ីលយុទ្ធសាស្ត្រកងទ័ពដ៏មានអានុភាព ឬ ATACMS វាយលុកទីតាំងយោធានៅក្នុងប្រទេសរុស្ស៊ី ខណៈកងទ័ពរបស់ខ្លួនរងសម្ពាធកាន់តែខ្លាំង។
អ៊ុយក្រែននិយាយថា ខ្លួនចាំបាច់ត្រូវតែអាចវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែកពីលើអាកាស ដែលបានវាយលុកភូមិស្រុកទាំងមូលនៃទីប្រជុំជននានានៅជិតសមរភូមិជួរមុខ និងទីតាំងផ្ដគត់ផ្គង់ថាមពលដែលបានបំផ្លាញនៅទូទាំងប្រទេស៕