WHO៖ អង្គការសុខភាពពិភពលោកនិយាយថា វីរុសរាតត្បាតសកល COVID-19 នឹងបន្តអូសបន្លាយរយៈពេលមួយឆ្នាំទៀតដោយសារតែបណ្ដាប្រទេសក្រីក្រនានា មិនទាន់ទទួលបានវ៉ាក់សាំងគ្រាប់គ្រាន់តាមតម្រូវការនៅឡើយ។ លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅអង្គការសុខភាពពិភពលោកបាននិយាយថា វាមានន័យថា វិបត្តិ COVID-19 នេះនឹងបន្តអូសបន្លាយឈានចូលឆ្នាំ២០២២ យ៉ាងងាយបំផុត។

តិចជាង ៥% នៃប្រជាជននៅអាហ្វ្រិកបានទទួលវ៉ាក់សាំង បើធៀបទៅនឹងចំនួន ៤០% នៅលើទ្វីបផ្សេងទៀត។ ចក្រភពអង់គ្លេសបានបញ្ជូនវ៉ាក់សាំងជាង ១០ដូសទៅកាន់ប្រទេសជាច្រើន។ ចក្រភពមួយនេះសន្យាថានឹងផ្ដល់វ៉ាក់សាំងសរុបចំនួន ១០០លានដូស។ លោកវេជ្ជបណ្ឌិត Aylward បានអំពាវនាវដល់ប្រទេសអ្នកមានឲ្យបោះបង់ចោលការបញ្ជាទិញវ៉ាក់សាំងស្តុកទុក ដើម្បីឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងនានាអាចផ្ដល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុត មានឱកាសទទួលបានវ៉ាក់សាំងផ្គត់ផ្គង់ដល់ពលរដ្ឋរបស់ខ្លួន ៕
អត្ថបទ៖ សុខមាន