ទីផ្សារហាងឆេងមាសកំពុងដាំក្បាលចុះមកវិញ នឹងបន្តធ្លាក់ចុះដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុងមួយអោន ដែលការធ្លាក់ ចុះដោយសារស្ថានភាពនយោបាយ និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចនឹងត្រជាក់មកវិញ បន្ទាប់ពីដូណាត្រាំជាប់សំឡេងឆ្នោតដ៏ ច្រើនសន្ធឹកសន្ធាប់ក្នុងអាណត្តិថ្មីនេះ។

លោក ឈា ឆាយហេង អ្នកជំនាញ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីទីផ្សារហាងឆេងមាសជាសកល នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា ជុំវិញទីផ្សារហាងឆេងមាស នៅក្នុង ពេលប៉ុន្មានខែចុងក្រោយនេះ មានការប្រែប្រួលខ្លាំង ជាក់ស្តែងតម្លៃហាងឆេងជាសកល កន្លងមកនេះបានហក់ឡើងដល់តម្លៃជាង ២ ៧៩០ ដុល្លារអាមេរិក ក្នុងមួយអោន (ស្មើនិង៨ជី៣ហ៊ុន) ឬ ៣ ៣៦១ ដុល្លារអាមេរិក ក្នុងមួយតម្លឹងមាស ដែលជាតម្លៃមួយខ្ពស់ កប់ពពក ខណៈដែលពីមុនតម្លៃហាងឆេងមាសថេ មានត្រឹមតែ ២ ៤០០ ដុល្លារអាមេរិក ក្នុងមួយអោនប៉ុណ្ណោះ ។

លោក បន្តឱ្យដឹងថា មកដល់បច្ចុប្បន្ន ទីផ្សារហាងឆេងមាសបានកំពុងដាំក្បាលចុះមកវិញ ដែលការធ្លាក់ចុះបន្ទាប់ពីលោក ដូណាត្រាំ ជាប់ឆ្នោតនៅក្នុងអាណត្តិថ្មី ក្នុងនោះប្រទេសសំខាន់ៗជាច្រើនក៏បានចេញសេចក្តីថ្លែងការណ៍ ជាពិសេសប្រទេសរុស្សី ហាម៉ាស និងពីប្រទេសចិនជាដើម, ដោយសារតែគោលនយោបាយគណបក្សរបស់លោកត្រាំ ផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចជាតិ និង ស្ថេរភាពនយោបាយ ត្រូវបានពិភពលោកមើលឃើញថា បន្ទាប់ពីលោកដូណាត្រាំចូលកាន់តំណែង គាត់នឹងអាចបញ្ចប់សង្គ្រាម ទាំងសង្គ្រាម រវាងរុស្សីអ៊ុយ-ក្រែន និងអ៊ីស្រាអែល-ហាម៉ាស ឱ្យត្រជាក់មកវិញ, ដែលបញ្ហា នេះធ្វើឱ្យអ្នកវិនិយោគធំៗ នៅក្នុងពិភពលោក មានទំនុកចិត្តលើប្រាក់ដុល្លារ បានចាប់ផ្តើមលក់មាសចេញ ដើម្បីទិញដុល្លារចូលមកវិញ (នៅពេលដុល្លារឡើងថ្លៃ មាសអស់តម្រូវការ និងធ្វើឱ្យតម្លៃហាងឆេងមាសបន្តធ្លាក់ចុះមកវិញតែម្តង ។

ជុំវិញទីផ្សារហាងឆេងមាសនេះ, លោក ឈា ឆាយហេង មើលឃើញថា នៅពេលខាងមុខតម្លៃហាងឆេងមាស នឹងបន្តធ្លាក់ចុះបន្ថែម ទៀត ដែលអាចធ្លាក់ដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុងមួយអោន។ ដូច្នេះជុំវិញបញ្ហានៃការធ្លាក់ចុះនេះមានកត្តាធំៗចំនួន ពីរគឺ៖ ស្ថានភាពនយោបាយពិភពលោក និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចត្រជាក់មកវិញ និងការធ្លាក់ចុះនូវតម្រូវការ ទីផ្សារមាសដោយខ្លួនឯង ជាក់ស្តែងតម្លៃមាសបច្ចុប្បន្ន បានងើបឡើងវិញពី ២ ៥៣៥ ដុល្លារអាមេរិក មកដល់ ២ ៦២៥ ដុល្លារ ក្នុងមួយអោន ដែលការងើបនេះដោយសារកត្តាភូមិសាស្រ្តនយោបាយ តែទោះយ៉ាងការងើបឡើងនេះស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្រាប់មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣១៦ និងទិញចូល ៣០៦ ដុល្លារអាមេរិក ក្នុងមួយជី, ចំណែកផ្លាទីនទឹកលក់ចេញ ២៣៧ ទិញចូល ២២៧ ដុល្លារអាមេរិក ក្នុងមួយជី៕ អត្ថបទ៖ សុន រ៉ាឌី

