ប្រជាពលរដ្ឋ ក្នុងរដ្ឋធានី គីវ (Kyiv) ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ១៨ វិច្ឆិកា បានបង្ហាញអារម្មណ៍ផ្សេងៗគ្នាថាការសម្រេចចិត្តផ្ដល់មីស៊ីលរយៈចម្ងាយពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden នឹងជួយបានមែន ប៉ុន្តែហាក់ដូចជាយឺតពេលហើយ។យុវតីវ័យ២១ឆ្នាំ នាង Olga Korovyachuk បម្រើការក្នុងវិស័យអប់រំបាននិយាយថាការសម្រេចចិត្តនេះគឺវិជ្ជមាន ប៉ុន្តែយឺតពេលពីរឆ្នាំហើយ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត និយាយថា សង្រ្គាមចូលជិត៣ឆ្នាំហើយ ខ្ញុំគិតថា ពួកគេត្រូវតែផ្ដល់ការអនុញ្ញាតឲ្យយើងដើម្បីបានការពារខ្លួនយើងហើយយើងមិនគួរត្រូវសុំការយល់ព្រមពីអ្នកណានោះទេ។

ប្រភពនានាបាននិយាយថា អ៊ុយក្រែនគ្រោងវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនបានបង្ហាញព័ត៌មានលម្អិតទេ ព្រោះព្រួយបារម្ភពីសុវត្ថិភាពប្រតិបត្តិការ។
ចំណាត់ការនេះ កើតឡើងពីរខែមុនប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា និងធ្វើតាមការអង្វរជាច្រើនខែរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បើកភ្លើងខៀវឱ្យយោធាអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អាមេរិកវាយប្រហារគោលដៅយោធានានារបស់រុស្ស៊ីនៅឆ្ងាយពីព្រំដែនរបស់ខ្លួន។

មន្ត្រីអាមេរិកមួយរូប និងប្រភពមួយដែលដឹងបញ្ហានេះ បាននិយាយថា ការប្រែប្រួលនេះកើតឡើងភាគច្រើនក្នុងការឆ្លើយតបទៅនឹងការដាក់ពង្រាយទ័ពថ្មើរជើងរបស់កូរ៉េខាងជើងពីសំណាក់រុស្ស៊ី ដើម្បីបំពេញបន្ថែមកងកម្លាំងរបស់ខ្លួន ជាការវិវឌ្ឍន៍មួយដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv។ គេមិនច្បាស់ទេថាតើលោក Trump នឹងបដិសេធការសម្រេចចិត្តរបស់លោក Biden នៅពេលចូលកាន់តំណែងឬយ៉ាងណា។ លោក Trump បានរិះគន់ជាយូរ មកហើយអំពីទំហំជំនួយផ្នែកហិរញ្ញវត្ថុ និងយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ហើយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយមិនពន្យល់ពីវិធីសាស្ត្ររបស់លោកនោះទេ៕