ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ (១៨ វិច្ឆិកា) ថា រថយន្តដឹកទំនិញជិត ១០០គ្រឿង ដែលដឹកស្បៀងអាហារសម្រាប់ប្រជាជនប៉ាឡេស្ទីន ត្រូវបានលួចយ៉ាងហិង្សាកាលពីថ្ងៃទី១៦ វិច្ឆិកា បន្ទាប់ពីបានចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងការបាត់បង់ជំនួយដ៏អាក្រក់បំផុតក្នុងពេល ១៣ខែនៃសង្គ្រាមដ៏បង្ហូរឈាមដែលភាពអត់ឃ្លានកំពុងកើនឡើងកាន់តែខ្លាំង។

ក្បួនដឹកជញ្ជូនស្បៀងអាហារដែលផ្តល់ដោយទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ UNRWA និងកម្មវិធីស្បៀងអាហារពិភពលោក WFP ទាំងនោះ ត្រូវបានណែនាំដោយអ៊ីស្រាអែល ឱ្យចេញតាមផ្លូវដែលមិនធ្លាប់ស្គាល់ ពីច្រកព្រំដែន កេរឹម ស្ហាលូម (Kerem Shalom) នេះបើតាមការលើកឡើងរបស់លោកស្រី លូអ៊ីស វ៉ធើរីច (Louise Wateridge) មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់ UNRWA។

លោកស្រីបញ្ជាក់ថា រថយន្តដឹកទំនិញចំនួន ៩៨គ្រឿងក្នុងចំណោមរថយន្ត ១០៩គ្រឿង នៅក្នុងក្បួននោះត្រូវបានឆ្មក់ចូល ហើយអ្នកដឹកជញ្ជូនមួយចំនួនបានរងរបួសក្នុងហេតុការណ៍នោះ ប៉ុន្តែលោកស្រីមិនបញ្ជាក់លម្អិតថាអ្នកណាជាអ្នកធ្វើការស្ទាក់ចាប់នោះទេ។

ទូរទស្សន៍ Al-Aqsa របស់ក្រុមហាម៉ាស បានដកស្រង់ប្រភពក្រសួងមហាផ្ទៃរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា ដោយនិយាយថា សមាជិកក្រុមជនអន្ធពាលជាង ២០នាក់ ដែលពាក់ព័ន្ធនឹងការលួចក្នុងរថយន្តជំនួយនោះត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការមួយរបស់ខ្លួន។ អ្នកនាំពាក្យរបស់ WFP បានបញ្ជាក់ពីការលួចនេះ ហើយនិយាយថា ផ្លូវជាច្រើននៅក្នុងតំបន់ហ្កាហ្គាហ្សាបច្ចុប្បន្នមិនអាចឆ្លងកាត់បានទេ ដោយសារបញ្ហាសន្តិសុខ៕