ទឹកជំនន់បានវាយប្រហារលំនៅឋានរាប់រយខ្នងនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (១៨ វិច្ឆិកា) បន្ទាប់ពីទឹកត្រូវបានបញ្ចេញចេញពីទំនប់ក្រោយព្យុះទីហ្វុង ម៉ានយី (Man-yi) និងបានបណ្តាលឱ្យទន្លេដ៏សំខាន់មួយបាក់ច្រាំងបង្កជាទឹកជំនន់យ៉ាងគំហុក។

ដោយផ្ទុកនូវល្បឿនខ្យល់អតិបរមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Man-yi បានវាយបោកចូលកោះ កាតាន់ដូនេ (Catanduanes) កាលពីល្ងាចថ្ងៃសៅរ៍ និងកោះ លូហ្សូន (Luzon) នៅរសៀលថ្ងៃអាទិត្យ។ ព្យុះដ៏ធំទី៦ ដែលវាយលុកហ្វីលីពីនក្នុងរយៈពេលមួយខែនេះ បានបង្កភ្លៀងធ្លាក់ខ្លាំង បំផ្លាញអគារ និងឆក់យកជីវិតមនុស្សយ៉ាងតិច ៨នាក់។

សេវាអាកាសធាតុជាតិបានព្រមានពីផលប៉ះពាល់ "ដ៏មហន្តរាយដែលអាចកើតមាន" ពីព្យុះ Man-yi ដែលជាព្យុះទីហ្វុងដ៏ធំនៅពេលវាយប្រហារ ប៉ុន្តែលោកប្រធានាធិបតី Ferdinand Marcos បានថ្លែងកាលថ្ងៃចន្ទថា វា "មិនអាក្រក់ដូចដែលយើងភ័យខ្លាចនោះទេ"។

ខណៈពេលដែលមនុស្សនាំគ្នាសម្អាតកម្ទេចកម្ទីកាលពីថ្ងៃចន្ទ ទឹកជំនន់ក៏បានចាប់ផ្តើមវាយលុកសហគមន៍នៅភាគខាងជើង បន្ទាប់ពីទឹកពីទំនប់ ម៉ាហ្កាត (Magat) ត្រូវបានបញ្ចេញ ដែលបណ្តាលឱ្យទន្លេ កាហ្កាយ៉ាន (Cagayan) និងដៃទន្លេមួយចំនួនហូរហៀរ៕