ក្រុមអ្នកតវ៉ានៅប្រទេសហ៊្សកហ្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែ វិច្ឆិកា បានអំពាវនាវឱ្យដំណើរការឡើងវិញនូវអ្វីដែលពួកគេចាត់ទុកថា«មិនស្របច្បាប់ទាំងស្រុង» ចំពោះការបោះឆ្នោតសភា កាលពីខែតុលា។ ក្រុមអ្នកតវ៉ា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយគាំទ្រ ខណៈប្រទេសនេះកំពុងជួបភាពវឹកវរផ្នែកនយោបាយ។

គណបក្សប្រឆាំងរបស់ប្រទេសហ៊្សកហ្ស៊ី បានច្រានចោលមិនទទួលយកលទ្ធផលបោះឆ្នោតសភា និងបានចោទប្រកាន់ថា មានការរៀបចំទុកនៃសន្លឹកឆ្នោត និងភាពមិនប្រក្រតីក្នុងការបោះឆ្នោត។

លទ្ធផលផ្លូវការ ពីការបោះឆ្នោតថ្ងៃទី២៦ ខែតុលា បានផ្តល់សំឡេងភាគច្រើន៥៤% ដល់គណបក្សក្តីសុបិន្តហ៊្សកហ្ស៊ី(Georgian Dream) ដែលគូប្រជែងរបស់គណបក្សនេះនិយាយថា ចង់ទាញប្រទេស តំបន់កូកាស ឲ្យងាកចេញពីអឺរ៉ុប ហើយងាកទៅរកឥទ្ធិពលរបស់រុស្ស៊ីវិញ។
គណបក្សក្តីសុបិន្តហ៊្សកហ្ស៊ី(Georgian Dream) ដែលត្រូវបានគេមើលឃើញថាស្មោះត្រង់ទៅនឹងស្ថាបនិកមហាសេដ្ឋី លោក Bidzina Ivanishvili និយាយថា ខ្លួនមានបំណងការពារប្រទេសពីឥទ្ធិពលបរទេសដែលធ្វើវិទ្ធង្សនា និងពីការធ្លាក់ចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ដូចជាអ៊ុយក្រែន។
គណបក្សនេះនិយាយថា ខ្លួននៅតែប្តេជ្ញាស្វែងរកអនាគតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុបនិយាយថា ខ្លួនបានបង្កកការដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ប្រទេសហ៊្សកហ្ស៊ី ដោយសារតែការព្រួយបារម្ភអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។