បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ពីការបន្តគាំទ្រអ៊ុយក្រែន ខណៈបង្ហាញការព្រួយបារម្ភចំពោះទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់រុស្ស៊ី ជាមួយប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ និងប្រទេសចិន។

កិច្ចប្រជុំ របស់អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បានធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ ដោយមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ចូលរួម តាមរយៈតំណភ្ជាប់វីដេអូ។
បន្ទាប់ពីកិច្ចពិភាក្សា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយសំដៅទៅលើការវាយប្រហាររបស់រុស្ស៊ីនៅទីតាំងថាមពលរបស់អ៊ុយក្រែន ខណៈរដូវរងាជិតចូលមកដល់។ លោក Borrell បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មើលទៅពុំមានឆន្ទៈដើម្បីចរចានោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកកំពុងបង្កើនសង្រ្គាមដើម្បីបំពេញគោលដៅរបស់ទីក្រុងមូស្គូ ក្នុងការដណ្តើមយក ចូលកាន់កាប់ និងធ្វើឲ្យអ៊ុយក្រែនបរាជ័យ។

លោក Borrell លើកឡើងថា សហភាពអឺរ៉ុប មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការផលិត និងការផ្តល់ប្រព័ន្ធសព្វាវុធពេញលេញពីប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ ឬចិន ទៅកាន់ប្រទេសរុស្ស៊ី។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ របស់សហភាពអឺរ៉ុប ផងដែរ។ លោក Trump បានបង្ហាញជំហរអវិជ្ជមានលើការបន្តជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
លោក Borrell បាននិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវតែវិនិយោគបន្ថែមទៀតលើផ្នែកសន្តិសុខ និងបង្កើនសមត្ថភាពការពារ ដើម្បីដោះស្រាយជាមួយរដ្ឋបាលសហរដ្ឋអាមេរិក នៅពេលខាងមុខ។