ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងចូលរួមក្នុងផ្នែកយោធា និងប្រកាសគ្រាអាសន្នជាតិ ដើម្បីអនុវត្តផែនការរបស់លោកក្នុងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសាររាប់លាននាក់។
លោក Trump បានធ្វើអត្ថាធិប្បាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ។ លោក បានឆ្លើយតបជាមួយនឹងពាក្យថា «ពិតណាស់» ទៅកាន់សកម្មជនអភិរក្សនិយម លោក Tom Fitton ដែលនិយាយអំពីផែនការនេះ។
កាលពីពេលមុន លោក Trump ធ្លាប់បានអំពាវនាវគ្រាអាសន្នជាតិ ជុំវិញបញ្ហានៅព្រំដែន។ លោកបានប្រកាសម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ដើម្បីបង្វែរមូលនិធិមន្ទីរបញ្ចកោណទៅពង្រីកបន្ថែមការសាងសង់ជញ្ជាំងរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
ការធ្វើអន្តោប្រវេសន៍ នៅតែជាមូលដ្ឋានដ៏សំខាន់នៃរបៀបវារៈរបស់លោក Trump។ លោក បានសន្យាថា នឹងអនុវត្តប្រតិបត្តិការនិរទេសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយបានចាប់ផ្តើមដាក់បំពេញគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ជាមួយក្រុមអ្នកប្រកាន់ជំហរតឹង លើបញ្ហានេះ។