រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ជាក់ថា យានដ្រូនវាយប្រហារបច្ចេកវិទ្យាខ្ពស់ចំនួន ៤.000 គ្រឿង នឹងត្រូវបញ្ជូន ទៅកាន់ទីក្រុងគីវ ក្នុងពេលឆាប់ៗនេះ។
នៅពេលដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន DPA លោក Pistorius បាននិយាយថា៖«ទាំងនេះ គឺជាយានដ្រូនដែលមានសមត្ថភាពវាយប្រហារគោលដៅដែលមានចម្ងាយពី ៣០-៤០គីឡូម៉ែត្រ នៅពីក្រោយបន្ទាត់សត្រូវ»។ លោករដ្ឋមន្ត្រី បានអះអាងថា យានដ្រូនទាំងនេះ មានសមត្ថភាពយកឈ្នះលើ សង្គ្រាមអេឡិចត្រូនិច។
កាលពីព្រឹកថ្ងៃចន្ទ សារព័ត៌មានBild បានរាយការណ៍ដោយដកស្រង់សម្តីប្រភពថា នៅក្នុងខែធ្នូ ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមផ្គត់ផ្គង់ដល់ទីក្រុងគីវ នូវយានដ្រូនវាយប្រហារបច្ចេកវិទ្យាខ្ពស់ ដែលមានឈ្មោះថា Helsing ដែលអាចទប់ទល់សមត្ថភាពសង្គ្រាមអេឡិចត្រូនិច។ យានដ្រូនដែលដំណើរការដោយ AI សរុបចំនួន ៤.000 គ្រឿង ត្រូវបានគ្រោងនឹងបញ្ជូន គឺត្រូវបញ្ជូនរាប់រយគ្រឿង ជារៀងរាល់ខែ។ យន្តហោះនេះ ត្រូវបានគេដាក់ឈ្មោះថា «mini-Taurus» ដោយយោងទៅលើមីស៊ីលតម្រង់គោលដៅ Taurus របស់ប្រទេសអាល្លឺម៉ង់។ ការបញ្ជូនយានដ្រូនទាំងអស់នេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអាល្លឺម៉ង់។ យានដ្រូន Helsing មានរយៈចម្ងាយឆ្ងាយជាង៤ដងនៃយានដ្រូនធម្មតារបស់អ៊ុយក្រែន ហើយអាចផ្ទុកគ្រឿងផ្ទុះបានគ្រប់គ្រាន់ ដើម្បីកម្ទេចរថក្រោះ ឬលេណដ្ឋាន។