ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងនាពេលបច្ចុប្បន្ននៃជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅដើមខែ តុលាឆ្នាំ ២០២៣ បានកើនឡើងលើសពី ៣.៥០០នាក់ ជាមួយនឹងមនុស្សជិត ១៥.000នាក់ បានរងរបួស។
យោងតាមក្រសួងបានឲ្យដឹងថា មនុស្សរហូតដល់ ៣.៥១៦ នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ៣៥នាក់ ក្នុង រយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ជនស៊ីវិលចំនួន ១៤៣ នាក់ បានរងរបួសកាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នករបួសសរុប កើនឡើងដល់ ១៤.៩២៩ នាក់។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។
អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានបើកការទម្លាក់គ្រាប់បែកលើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុម ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងវេសបែង (West Bank)។