មេដឹកនាំនៃតំបន់ផ្ដាច់ខ្លួន អាបខាហ្ស៊ី (Abkhazia) ប្រទេសហ៊្សកហ្ស៊ី ដែលគាំទ្រដោយទីក្រុងមូស្គូ បានលាលែងពីតំណែងនៅថ្ងៃអង្គារ (១៩ វិច្ឆិកា) នេះ បន្ទាប់ពីកិច្ចព្រមព្រៀងអនុញ្ញាតឱ្យពង្រីកអាជីវកម្មរុស្ស៊ីនៅក្នុងសាធារណរដ្ឋមួយនេះ បាននាំឱ្យមានការតវ៉ាដ៏ធំ។
បន្ទាប់ពីការចរចាជាច្រើនម៉ោងជាមួយក្រុមប្រឆាំង លោក អាស្លាន ហ្សានៀ (Aslan Bzhania) បាននិយាយនៅក្នុងឯកសារដែលចុះហត្ថលេខាបង្ហោះលើបណ្តាញផ្ញើសារតេលេក្រាមថា "ដើម្បីរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងតំបន់ ខ្ញុំសូមលាលែងពីមុខតំណែង"។
លោក Bzhania បានប្រឈមមុខនឹងកំណើនភាពតានតឹងជាច្រើនសប្តាហ៍ ដោយក្រុមប្រឆាំងទាមទារឱ្យចុះពីតំណែង អំពាវនាវឱ្យមានការបោះឆ្នោតថ្មី រួមទាំងកាឡោមព័ទ្ធអគារ និងស្ពាន នៅក្នុងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងមួយ ដែលនឹងបើកទីផ្សារអចលនទ្រព្យនៃតំបន់សមុទ្រខ្មៅមួយនេះដល់ប្រជាជនរុស្ស៊ី ដែលមានទ្រព្យសម្បត្តិ។
លក្ខខណ្ឌរបស់លោក Bzhania សម្រាប់ការលាលែងនេះគឺឱ្យអ្នកតវ៉ាចាកចេញពីអគារសភាក្នុងរដ្ឋធានី ស៊ូឃូមី (Sukhumi) របស់សាធារណរដ្ឋ។ សភានេះត្រូវបានគេសន្មត់ថានឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគនៅថ្ងៃសុក្រខាងមុខ ប៉ុន្តែបានពន្យារពេលដោយសារតែការតវ៉ាដ៏តានតឹង៕