បណ្ដាមេដឹកនាំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) កាលពីថ្ងៃចន្ទ (ទី១៩ ខែវិច្ឆិកា) បានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក នៅក្នុងកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅឯកិច្ចប្រជុំកំពូល នាទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយការជួបប្រជុំនេះត្រូវបានគ្របដណ្ដប់ដោយការខ្វែងគំនិតគ្នា ជុំវិញសង្រ្គាម នៅប្រទេសអ៊ុយក្រែន និងការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញ ក្នុងពេលវេលាដ៏ខ្លីខាងមុខនេះ។
នៅមុនកិច្ចប្រជុំនោះ UN បានទទូចសុំមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុត ក្នុងពិភពលោក ឲ្យជួយសង្គ្រោះកិច្ចពិភាក្សាអាកាសធាតុដែលជាប់គាំង ក្នុងប្រទេសអាស៊ែបៃហ្សង់ តាមរយៈការជំរុញការផ្តល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងតស៊ូជាមួយការឡើងកម្ដៅផែនដី។
សមាជិករបស់ G20 ដែលមិនចុះសម្រុងគ្នា ជុំវិញថា តើអ្នកណាគួរបង់នោះ មិនបានធ្វើការប្តេជ្ញាចិត្តបែបនេះទេ ដោយគ្រាន់តែលើកឡើងថា ប្រាក់រាប់សែនកោដិដុល្លារដែលត្រូវការចាំបាច់នេះ នឹងបានមកពី «គ្រប់ប្រភពទាំងអស់»។
ដោយនិយាយសំដៅទៅកាន់រដ្ឋធានីនៃប្រទេសអាស៊ែបៃហ្សង់ ជាកន្លែងដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់ UN កំពុងកើតមាន លោក Mick Sheldrick សហស្ថាបនិកនៃក្រុមតស៊ូមតិ Global Citizen បានប្រាប់ថា៖ «មេដឹកនាំទាំងអស់កំពុងបង្វែរការទទួលខុសត្រូវឲ្យទៅទីក្រុងបាគូវិញ»។ លោកបានប្រាប់សារព័ត៌មាន AFP ថា៖ «នេះប្រហែលជាពិបាកនឹងធ្វើឲ្យកិច្ចព្រមព្រៀងសម្រេចបានណាស់»។
ជាមួយគ្នានេះ ហានិភ័យនៃការកកើនឡើងនូវភាពតានតឹង ក្នុងសង្រ្គាម នៅអ៊ុយក្រែន ហើយនិងការរំពឹងទុកពីការវិលត្រឡប់មកវិញនៃគោលនយោបាយបែបឯកោ គឺ «America First» (អាមេរិកទី១) របស់ប្រធានាធិបតីអាមេរិក លោក Trump ក៏គ្របដណ្តប់លើកិច្ចពិភាក្សានៅក្នុងប្រទេសប្រេស៊ីលនេះផងដែរ។
ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងចូលរួមកិច្ចប្រជុំកំពូលនេះដែរ ប៉ុន្តែក្នុងនាមជាឥស្សរជនមិនសូវទទួលបានការចាប់អារម្មណ៍ ដោយត្រូវបាំងដោយស្រមោលរបស់មេដឹកនាំរបស់ចិន គឺលោក Xi Jinping (ស៊ី ជិនពីង) ដែលបានតាំងខ្លួនជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងសម័យកាលថ្មីរបស់លោក Trump៕