រដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបើកទូលាយក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះប្រដាប់អាវុធនៅក្នុងប្រទេស និងធានាបានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ។
យោងតាមឯកអគ្គរដ្ឋទូតស៊ូដង់ប្រចាំនៅសហរដ្ឋអាមេរិក លោក Mohamed Abdullah បាននិយាយថា លោក Abdel Fattah Al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ និងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ បានប្រាប់ទៅបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសស៊ូដង់ លោក Tom Perriello ក្នុងអំឡុងជំនួបមួយថា រដ្ឋាភិបាលស៊ូដង់ បើកទូលាយចំពោះដំណោះស្រាយទាំងអស់ដើម្បីបញ្ចប់ និងដោះស្រាយជម្លោះ ហើយក៏បើកទូលាយផងដែរក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ ប៉ុន្តែរដ្ឋាភិបាលនឹងមិនទទួលយកការឆ្លៀតឱកាសនេះ ដើម្បីដឹកជញ្ជូនអាវុធចូលទៅដល់ក្រុមឧទ្ទាមជំនួសឱ្យការដឹកជញ្ជូនស្បៀងអាហារនោះទេ។
លោក Abdullah និយាយថា លោក Al-Burhan បានប្រាប់ លោក Perriello ថា រដ្ឋាភិបាលស៊ូដង់ មិនយល់ព្រមឲ្យការឆ្លងកាត់ច្រកព្រំដែនAdre ជាមួយប្រទេសឆាដ ត្រូវបានគេឆ្លៀតឱកាសដើម្បីផ្តល់អាវុធដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)ឡើយ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋាភិបាលស៊ូដង់ បានសម្រេច បន្ថែមពេលការបើកច្រកព្រំដែនAdre រយៈពេល៣ខែទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលរងគ្រោះដោយសារសង្គ្រាម នៅក្នុងប្រទេស។