មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេនិយាយថា កំពុងជំរុញឲ្យក្រុមហេសបូឡាឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ីស្រាអែល ខណៈដែលអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដើម្បីព្យាយាមជួយឲ្យបានឈានដល់កិច្ចព្រមព្រៀងមួយ។
ជនជាតិអ៊ីរ៉ង់ ២នាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់លោក Ayatollah Ali Khamenei បានផ្ញើសារទៅកាន់ក្រុមភេរវករលីបង់ កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក ដែលបានរៀបរាប់ថា លោកគាំទ្រការបញ្ចប់ជម្លោះនេះ។
ប្រភពបាននិយាយមកកាន់សារព័ត៌មាន New York Times ថា លោក Khamenei បានប្រាប់ក្រុមហេបូឡាថា ក្រុមគួរតែយល់ព្រមនឹងលក្ខខណ្ឌដែលទាមទារឲ្យផ្លាស់កងកម្លាំងរបស់ខ្លួនទៅភាគខាងជើង ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ 1701 ដែលបានបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហេសបូឡាឆ្នាំ២០០៦។
ពួកគេបានបន្ថែមថា សារទាំងនោះក៏បានធានាដល់ក្រុមថា ខ្លួននឹងបន្តទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធា ដើម្បីជួយដល់ការកសាងឡើងវិញ និងស្តារឡើងវិញពីជម្លោះនេះ។
គួរបញ្ជាក់ថា ក្រុមហេសបូឡាធ្លាប់បានប្ដេជ្ញាថា ខ្លួននឹងបន្តវាយប្រហារអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅហ្កាហ្សាបន្តមាន ប៉ុន្តែរបាយការណ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បង្ហាញថា ក្រុមនេះអាចនឹងផ្លាស់ប្តូរជំហររបស់ខ្លួន៕