រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang Yi) បាននិយាយថា ជំនួបរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan បានបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់កម្រិតបន្ទាប់នៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ប្រមុខការទូតចិនរូបនេះ បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) នៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុង Rio de Janeiroថា៖«ជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល [BRICS] Kazan បានកសាង មូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់កម្រិតបន្ទាប់នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
លោក វ៉ាង យី បានថ្លែងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ ស្ថិរភាពនៃការសម្របសម្រួលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី និងការគាំទ្រដល់ការអភិវឌ្ឍនិងការកើតឡើងវិញនៃប្រទេសរបស់ពួកគេ និងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល»។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បាននិយាយផងដែរថា ប្រទេសចិន និងរុស្ស៊ី ត្រូវតែធ្វើការជាមួយដៃគូ BRICS របស់ពួកគេ ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូល BRICS ពង្រីក និងពង្រឹងយន្តការ BRICS លើកកម្ពស់ឥទ្ធិពលនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលលោកខាងត្បូង និងបង្កើនតួនាទីរបស់ខ្លួន នៅក្នុងពិភពលោកពហុប៉ូល។