វិទ្យាស្ថានស្រាវជ្រាវរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងទីជម្រកការពារគ្រាប់បែកចល័ត ក្នុងចំនួនដ៏ច្រើន ដោយកន្លែងជ្រកកោនសុវត្ថិភពនេះអាចការពារប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ ដែលបង្កឡើងដោយមនុស្ស និងគ្រោះធម្មជាតិ ក្នុងនោះរួមទាំងជាតិវិទ្យុសកម្ម និងការញ័ររញ្ជួយ។
ទីជម្រក ដែលត្រូវបានស្គាល់ឈ្មោះ «KUB-M» មើលទៅដូចជាទូកុងតឺន័រដឹកទំនិញដ៏រឹងមាំ។ យោងតាមវិទ្យាស្ថានរដ្ឋ បានឲ្យដឹងថា ជម្រកនេះអាចផ្តល់ការការពារមួយចំនួន ប្រឆាំងនឹងជាតិវិទ្យុសកម្ម គ្រាប់ផ្លោង កម្ទេចកម្ទី និងអគ្គិភ័យ ហើយអាចត្រូវបានគេដាក់ពង្រាយ នៅក្នុងតំបន់កំណកភាគខាងជើងដ៏ធំរបស់រុស្ស៊ី។ ជាមួយគ្នានេះ វិទ្យាស្ថានបានបន្តថា ប្រភេទស្តង់ដារ អាចផ្ទុកមនុស្សបាន ៥៤នាក់ ប៉ុន្តែម៉ូដែលផ្សេង អាចត្រូវបន្ថែមចំនួនលើសនោះទៀត។
គួរបញ្ជាក់ថា សង្គ្រាម នៅអ៊ុយក្រែន កំពុងឈានចូលដល់អ្វីដែលមន្ត្រីមួយចំនួន និយាយថា អាចជាដំណាក់កាលចុងក្រោយ និងគ្រោះថ្នាក់បំផុត ខណៈដែលកងកម្លាំងរបស់ទីក្រុងមូស្គូ បានរុលទៅមុខក្នុងល្បឿនដ៏លឿនបំផុត គិតចាប់តាំងពីប៉ុន្មានសប្តាហ៍ដំបូងនៃជម្លោះ ដែលផ្ទុះឡើងក្នុងឆ្នាំ២០២២ ហើយលោកខាងលិចប្រឹងប្រែងជួយគាំទ្រអ៊ុយក្រែន។
តែយ៉ាងណាក្ដី វិទ្យាស្ថាននេះមិនបានភ្ជាប់ការសាងទីជម្រកនេះទៅនឹងវិបត្តិ នាពេលបច្ចុប្បន្នណាមួយនោះឡើយ ទោះបីជាការប្រកាសនេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកចូលជ្រៅទៅក្នុងដែនដីរបស់រុស្ស៊ី។
វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) បាននិយាយថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការសម្រេចឥតវិចារណញ្ញាណរបស់រដ្ឋបាលលោក Biden ហើយបានព្រមានថា វិធានការនេះនឹងទាញសហរដ្ឋអាមេរិកចូលទៅក្នុងជម្លោះដោយផ្ទាល់៕



