បាល់ទាត់៖ ក្រុមបាល់ទាត់កូរ៉េ Pohang Steelers បានឈានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំក្រោយយកឈ្នះក្រុមរួមលីគកូរ៉េ Ulsan Hyundai ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ Ulsan Hyundai ដែលឡើងមកដល់វគ្គនេះក្រោយទំលាក់ Jeonbuk Motors នោះបានបើកការនាំមុខមុនក្នុងការប្រកួតនេះនៅនាទីទី៥២ ដោយ Yun Il-Lok ក្រោយកំហុសរបស់អ្នកចាំទី Lee Jun។

តែក្រោយមក Ulsan បានបាត់បង់កីឡាករម្នាក់នៅពេល Won Du-Jae បង្កកំហុសលើ Shin Kwang-Hoon នៅនាទីទី៦៨ អាជ្ញាកណ្តាលសំរេចផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។ Pohang Steelers ដែលមានគ្នាច្រើនជាងក៏បានបើកការវាយសម្រុកខ្លាំងដើម្បីរកគ្រាប់តាមស្មើ ខណៈដែល Ulsan Hyundai ព្យាយាមទប់ជិតដល់ទីបញ្ចប់ទៅហើយតែនាទីទី៨៩ Alexander Grant គឺជាអ្នកតែតបញ្ចូលទីតាមស្មើឱ្យ Pohang Steelers ១-១។ ឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តីកីឡាកររបស់ Ulsan Hyundai, Duvu Bulthuis ស៊ុតមិនចូលរំលងរបាទីខណៈ Pohang Steelers មិនភ្លាត់ឡើយដោយ Kang Sang-Woo គ្រាប់ចុងក្រោយ។

ជ័យជំនះធ្វើឱ្យ Pohang Steelers ឈានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រជួបជាមួយ Al Hilal ដែលបានយកឈ្នះ Al Nassr។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកានៅទឹកដីអាស៊ីខាងលិចរបស់ Al Hilal។ រំលឹកថា Pohang Steelers ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League ៣លើកឈ្នះជើងឯកទាំង ៣លើករួមមាននៅឆ្នាំ១៩៩៧, ១៩៩៨ និង ២០០៩៕
អត្ថបទ៖នាង សុភាវុធ