ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបជាមួយរដ្ឋមន្រ្តីធនធានធម្មជាតិរុស្ស៊ីលោក Alexander Kozlov កាលពីថ្ងៃចន្ទ ដែលជាសញ្ញាចុងក្រោយមួយនៃការកើនឡើងទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា អំឡុងជំនួបនេះ លោក Kim និយាយថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គួរតែពង្រីកសម្រាប់ការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសទាំង ២ ។
សារព័ត៌មានរដ្ឋ រាយការណ៍ទៀតថា គណៈប្រតិភូបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ស្របពេលដែលគណៈប្រតិភូគណៈកម្មាធិការក្រុមប្រឹក្សាទីក្រុងព្យុងយ៉ាង បានចាកចេញពីប្រទេសរុស្ស៊ីផងដែរ ។
ការផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ បានកើតមានឡើង ស្របពេលនៅកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជំរុញឲ្យប្រទេសទាំង ២បញ្ចប់កិច្ចសហប្រតិបត្តិការយោធាដែលលោកចាត់ទុកថាខុសច្បាប់ ៕


