ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ីចំនួន ១០រូប និងអង្គការយុវជនដែលមានពាក់ព័ន្ធជាមួយរដ្ឋ នៅថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ដោយនិយាយថា ពួកគេបានជាប់ទាក់ទងនឹងប៉ុនប៉ងជាប្រព័ន្ធ ក្នុងការបញ្ចូលមនោគមវិជ្ជាដល់កុមារអ៊ុយក្រែន ដើម្បីប្រារព្ធរយៈពេល ១.០០០ថ្ងៃ គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។
រដ្ឋមន្ត្រីការបរទេស លោក David Lammy បាននិយាយថា៖ «គ្មានកុមារណាម្នាក់គួរត្រូវបានប្រើប្រាស់ជាឧបករណ៍ ក្នុងសង្រ្គាមជាដាច់ខាត ប៉ុន្តែការកំណត់គោលដៅរបស់ប្រធានាធិបតី លោក (Vladimir) Putin ទៅលើកុមារអ៊ុយក្រែន បង្ហាញពីជម្រៅនៃបេសកកម្មរបស់លោក ដើម្បីលុបបំបាត់អ៊ុយក្រែន និងប្រជាជនរបស់ប្រទេសនេះចេញពីផែនទី»។
គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើរុស្ស៊ី រាប់ចាប់ពីអង្គភាពសាជីវកម្ម រហូតដល់តួអង្គនយោបាយសំខាន់ៗ ជាការប៉ុនប៉ងដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ចំពោះការបង្កសង្រ្គាម ដែលភាគច្រើនត្រូវបានច្រានចោល ដោយវិមានក្រឹមឡាំង។
នៅក្នុងសេចក្តីប្រកាសដាក់ទណ្ឌកម្មចុងក្រោយរបស់ខ្លួននេះ ចក្រភពអង់គ្លេសបានឲ្យដឹងថា កុមារអ៊ុយក្រែនជាង ១៩.៥០០នាក់ ត្រូវបានអាជ្ញាធររុស្ស៊ីបញ្ជូន ឬនិរទេសដោយបង្ខំទៅរុស្ស៊ី និងដែនដីរបស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់បណ្តោះអាសន្ន៕

