ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោក Josep Borrell បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទបន្ទាប់ពីជំនួបរបស់ EUនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា EU មានការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថា កូរ៉េខាងជើង អ៊ីរ៉ង់ និងចិន កំពុងផលិតអាវុធ និងផ្គត់ផ្គង់ប្រព័ន្ធអាវុធលក្ខណៈពេញលេញដល់រុស្ស៊ី សម្រាប់សង្រ្គាមរបស់ពួកគេនៅប្រទេសអ៊ុយក្រែន ។
លោក Borrell និយាយថា គ្មានអ៊ីរ៉ង់ គ្មានចិន រុស្ស៊ីមិនអាចគាំទ្រកិច្ចខិតខំយោធារបស់ខ្លួនបានឡើយ ។
មន្រ្តីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ បានរៀបរាប់ផងដែរថា សង្រ្គាមដែលបានធ្វើឲ្យតំបន់ហ្កាហ្សាក្លាយជាគំនរបាក់បែក គឺជាការបំផ្លិចបំផ្លាញទាំងស្រុង ហើយលោកបានចាត់ទុកវាថាជាសង្រ្គាមប្រឆាំងកុមារ ។
កាលពីសប្តាហ៍មុន ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បាននិយាយថា ៧០ភាគរយនៃគ្រោះថ្នាក់ដល់អាយុជីវិតត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ថាជាស្រ្តី និងកុមារ ហើយពួកគេបានថ្កោលទោសអ្វីដែលពួកគេចាត់ទុកថាជាការបំពានជាប្រព័ន្ធលើគោលការណ៍មូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា មនុស្សជាង ៤៣.៨០០នាក់ ត្រូវបានសម្លាប់ និងមនុស្សភាគច្រើនក្នុងចំណោមពលរដ្ឋសរុប ២,៣លានាក់ បានជម្លៀសខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕

